មេ UN អំពាវនាវឲ្យបើកច្រកហ័រមូសជាបន្ទាន់ ដើម្បីឲ្យសេដ្ឋកិច្ចពិភពលោក មានដង្ហើមដកឡើងវិញ
អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃចន្ទបានអំពាវនាវឲ្យគូជម្លោះទាំងពីរគឺសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បើកច្រកសមុទ្រ ហ័រមូស ជាបន្ទាន់ ដើម្បីឲ្យសេដ្ឋកិច្ចពិភពលោកមានដង្ហើមដកឡើងវិញ ។
ថ្លែងក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខកម្រិតខ្ពស់ ស្តីពីសន្តិសុខដែនសមុទ្រនៅទីក្រុងញូវយ៉ក, លោក Guterres រៀបរាប់ថា «ភាគីជម្លោះត្រូវតែបើកច្រកសមុទ្រឡើងវិញ, អនុញ្ញាតឱ្យកប៉ាល់ឆ្លងកាត់ ដោយគ្មានការបង់ប្រាក់, គ្មានការរើសអើង ជាពិសេសត្រូវអនុញ្ញាតឱ្យពាណិជ្ជកម្មបន្តឡើងវិញ ទើបសេដ្ឋកិច្ចពិភពលោកមានដង្ហើមដក» ។
លោកថា ចរាចរណ៍ផ្លូវទឹក ត្រូវតែមានលំហូរដោយសេរី ស្របតាមច្បាប់អន្តរជាតិ ព្រោះថា ការស្ទះផ្លូវទឹកណាមួយ នឹងបង្កហានិភ័យធ្ងន់ធ្ងរដល់ថាមពល, សន្តិសុខស្បៀង និងពាណិជ្ជកម្ម ។
ប្រមុខ UN រូបនេះព្រមានទៀតថា វិបត្តិសន្តិសុខដែនសមុទ្រ ដែលកំពុងកើនឡើងលើច្រកសមុទ្រ Hormuz កំពុងរាលដាល ពាសពេញសេដ្ឋកិច្ចពិភពលោក ដោយបង្កើនការភ័យខ្លាច នៃការខ្វះខាតទំនិញ និង ការធ្លាក់ចុះ ផ្នែកមនុស្សធម៌ជាអន្តរជាតិ ។
បើតាម Arabnews, មុនពេលមានសង្គ្រាមអាមេរិក និងអ៊ីស្រាអែល ប្រឆាំងលើអ៊ីរ៉ង់ ប្រហែលជា ១ភាគ៥ នៃការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ ទូទាំងពិភពលោក តែងតែឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈជីកសិកម្ម ជិតមួយភាគបី ដែលផ្គត់ផ្គង់ ដល់បណ្តាប្រទេសទាំងអស់ លើសកលលោក ក៏ត្រូវបានជួញដូរជាអន្តរជាតិ តាមច្រកសមុទ្រដ៏តូចចង្អៀតមួយនេះផងដែរ ៕
ប្រភពពី Arabnews ប្រែសម្រួល ៖ សារ៉ាត