ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសបន្តបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូនសេវាកម្មអូសសណ្តោងឥតគិតថ្លៃ
ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានប្រកាសពីការបន្តបញ្ចុះតម្លៃ សម្រាប់រថយន្តដឹកទំនិញប្រភេទ D & E និងការផ្តល់ជូនសេវាកម្មអូសសណ្តោងដោយឥតគិតថ្លៃ ដើម្បីរួមចំណែកបន្ថយការចំណាយប្រតិបត្តិការលើវិស័យភស្តុភារកម្ម និងសហគ្រាសដឹកជញ្ជូនទំនិញនៅកម្ពុជា ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែមេសា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ជាក់ ថាក្នុងកាលៈទេសៈដែលប្រេងឥន្ធនៈទីផ្សារអន្តរជាតិ មានតម្លៃខ្ពស់បាន និងកំពុងបង្កជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ដល់ថ្លៃចំណាយប្រតិបត្តិការលើវិស័យភស្តុភារកម្ម និងសហគ្រាសដឹកជញ្ជូនទំនិញនៅកម្ពុជា រាជរដ្ឋាភិបាលតាមរយៈថ្នាក់ដឹកនាំក្រសួង សាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឯកភាពបន្តផ្តល់ការបញ្ចុះ តម្លៃពិសេសសម្រាប់រថយន្តដឹកទំនិញ ដើម្បីធានាស្ថិរភាព នៃប្រព័ន្ធដឹកជញ្ជូន និងជួយបន្ថយបន្ទុកចំណាយរបស់ សហគ្រាស ឬអាជីវករធ្វើអាជីវកម្មដឹកជញ្ជូនទំនិញ ។
ការបន្តផ្តល់ជូននេះ រួមមាន៖ ១. បន្តបញ្ចុះតម្លៃ៤០% និង៦០% សម្រាប់រថយន្តដឹកទំនិញប្រភេទ D និង E រយៈពេល៦ខែ បន្ថែមទៀត ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ។ ២. ផ្តល់សេវាអូសសណ្តោងឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧ សម្រាប់រថយន្តដឹកទំនិញប្រភេទ D និង E ដែលមានបញ្ហាបច្ចេកទេសលើផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុទៅកាន់ច្រកចេញ ឬតំបន់សេវាកម្មដែលនៅជិតបំផុត ។
យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី ២០ ខែមេសា ២០២៦ រហូតដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦ ចរាចរណ៍លើផ្លូវល្បឿនលឿនសរុបមានចំនួន ៩៦,៤២៣ដង ក្នុងមួយសប្តាហ៍ ដែលក្នុងនោះ មានការស្វែងរកជំនួយតាមទូរសព្ទសង្គ្រោះ ១៣៩៩ ចំនួន ១៨១ខ្សែ ស្វែងរកជំនួយចំនួន ៧៦ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១០៥ ករណី និងគ្មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើងទេ ។
គួររម្លឹកថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ប្រវែងសរុបប្រមាណ ១៨៧គ.ម ដាក់ឱ្យដំណើរការកាលពីថ្ងៃទី០១ តុលា ២០២២។ ផ្លូវនេះ តភ្ជាប់រាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ប្រើពេលធ្វើដំណើរកាត់បន្ថយមកត្រឹមប្រហែល ២ម៉ោង ដែលមានច្រកទូទាត់ប្រាក់ចំនួន ៨កន្លែង រួមមាន ភ្នំពេញ, កំពង់ស្ពឺខាងកើត, កំពង់ស្ពឺខាងលិច, ត្រែងត្រយឹង, កំពង់សីលា ។ ផ្លូវនេះមាន ៤ គន្លង (២ ទៅ ២ មក) ទទឹង ២៤.៥ ម៉ែត្រ ដែលសម្រួលដល់ការដឹកជញ្ជូន និងទេសចរណ៍យ៉ាងខ្លាំង ។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានប្រតិបត្តិការប្រកបដោយស្ថិរភាព អស់រយៈពេលជាង ៣ឆ្នាំមកហើយ។ ផ្លូវមួយខ្សែនេះ ជាសរសៃឈាមដ៏សំខាន់ ដែលជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញការរីកចម្រើន នៃវិស័យភស្តុភារកម្ម និងដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ៕
ដោយ៖ វណ្ណលុក











