ចំនួនអ្នកស្លាប់កើនឡើងជិត២០០នាក់ក្នុងនោះមានជនបរទេស៣៥នាក់ ក្នុបហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា
ស្រីលង្កា៖ ករណីបំផ្ទុះគ្រាប់បែកលើកទី៧ បានបន្តកើតឡើងនៅឯតំបន់ Dehiwala ស្ថិតនៅជាយរដ្ឋធានី Colombo ក្រោយមានការវាយប្រហារបំផ្ទុះគ្រាប់បែក៦លើក បានផ្ដាច់ជីវិតមនុស្សកើនដល់១៨៥នាក់ និងជាង៥០០នាក់ផ្សេងទៀតរងរបួស នេះបើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរស្រីលង្កា ។
អាជ្ញាធរស្រីលង្កាបានឲ្យដឹងទៀតថា ហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់បំផុតនេះ បានផ្ទុះឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ តាមរយៈបណ្ដាញសង្គម twitter នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថ្កោលទោសធ្ងន់ធ្ងរ ហើយថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងចាត់វិធានការឆ្លើយតបទៅនឹងករណីវាយប្រហារដ៏អាក្រក់នេះ ខណៈដែលភា្លមៗនោះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ៕