ហេតុការណ៍វាយប្រហារបំផ្ទុះគ្រាប់បែកនៅស្រីលង្កា បណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសជិត៧៥០នាក់

ស្រីលង្កា៖ សារព័ត៌មាន AFP បានដកស្រង់ប្រភពពីមន្ត្រីប៉ូលិសមកបញ្ជាក់ថា យ៉ាងហោចណាស់មានជនបរទេសចំនួន៣៥នាក់ ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិត១៦០នាក់ និងជាង៥០០នាក់ផ្សេងទៀតទទួលរងរបួស ដោយសារករណីវាយប្រហារបំផ្ទុះគ្រាប់បែកនៅប្រទេសស្រីលង្កា នៅក្នុងថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ។

បើតាមអាជ្ញាធរស្រីលង្កា ហេតុការណ៍ វាយប្រហារបំផ្ទុះគ្រាប់បែកដ៏អាក្រក់នេះ បានផ្ទុះឡើងនៅម៉ោង ៨៖៤៥ នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) នៅឯវិហារគ្រឹស្ដ St. Anthony ក្នុងទីក្រុង Colombo, វិហារគ្រឹស្ដ St. Sebastian នៃទីក្រុង Negombo និងវិហារគ្រឹស្ដ Zion Church ស្ថិតនៅទីក្រុង Batticaloa រួមទាំងសណ្ឋាគារចំនួន៣កន្លែងផ្សេងទៀត ក្នុងទីក្រុង Colombo ។

ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ តាមរយៈបណ្ដាញសង្គម twitter នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសថ្កោលទោសធ្ងន់ធ្ងរ ហើយថា រដ្ឋាភិបាលរបស់លោកបាននិងកំពុងចាត់វិធានការឆ្លើយតបទៅនឹងករណីវាយប្រហារដ៏អាក្រក់នេះ ខណៈដែលភា្លមៗនោះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner