កុដិ ផ្លូវបេតុង និងសមិទ្ធផលនានា នៅក្នុងវត្តពោធិ៍អណ្ដែត ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមវត្តមាន ឯ.ឧ ហ៊ុន ម៉ាណែត
ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ឯ.ឧ ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជេីងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបេតីតេជោ ហ៊ុនសែន នាយករដ្នមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់មហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា នៅក្នុងវត្តពោធិ៍អណ្ដែត ស្ថិតនៅភូមិបត់សិរមាន់
ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯ.ឧ ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាក្នុងសម័យសន្តិភាពនេះ គ្មានការបំផ្លិចបំផ្លាញដូចក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះឡើយ គឺមានតែរួមគ្នាកសាងទាំងអាណាចក្រ និងសាសនា។
ឯ.ឧ បានរំលឹកថា ក្នុងពេលសង្គ្រាម ក្នុងរបបប្រល័យពូជសាសន៍ សាសនាទាំងអស់ត្រូវបានបំផ្លិចបំផ្លាញ រីឯសាសនិកទាំងឡាយក៏មិនអាចប្រតិបត្តិសាសនារបស់ខ្លួនបាន ពីព្រោះតែការកាប់សម្លាប់យ៉ាងព្រៃផ្សៃយង់ឃ្នង ពីសំណាក់ពួកអាវខ្មៅខ្មែរក្រហម។
ប៉ុន្តែក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ននេះ មានតែខិតខំរកកការងារជូនប្រជាពលរដ្ឋ កសាងវត្តអារាមនៅទូទាំងប្រទេស ចែកដីធ្លីជូនប្រជាពលរដ្ឋ ខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពនយោបាយជូនប្រជា ពលរដ្ឋដើម្បីអោយពលរដ្ឋរស់នៅប្រកបដោយភាពសុខសប្បាយ។
ក្រៅពីខិតខំអភិវឌ្ឍវិស័យអាណាចក្រ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំអភិវឌ្ឍវិស័យសាសនា ឱ្យមានសុខដុមរមណីនឹងគ្នាផងដែរ ពិសេសព្រះពុទ្ធសាសនាមានការរីកចម្រើនជាងមុន ក្នុងនោះគេឃើញមានព្រះវិហារ សាលាឆាន់ មហាកុដិហេដ្ឋារចនាសម្ពន្ធនានាក្នុងវត្ត លេចត្រដែតឡើងជាបន្តបន្ទាប់។ តួយ៉ាងដូចនៅវត្តពោធិ៍អណ្ដែតនេះជាដើម ដែលត្រូវបានសម្ពោធនូវសមិទ្ធផលក្នុងថ្ងៃនេះដូច្នេះដែរ។
ថ្មីៗនេះ ស្រុកព្រៃនប់កើតមានការតវ៉ារឿងដីធ្លី បញ្ហានេះ ឯ.ឧ ហ៊ុន ម៉ាណែត ក្នុងនាមជាតំណាងសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋកុំទៅចូលរួមធ្វើបាតុកម្មជាមួយគេ ពីព្រោះវាមិនចំណេញឡើយសម្រាប់ប្រទេសជាតិ ពិសេសត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិឱ្យមានការជឿនលឿនទៅមុខ។
លោកបានណែនាំដល់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋានឱ្យបន្តខិតខំការពារ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ត្រូវស្មោះត្រង់ចំពោះប្រទេសជាតិ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ ត្រូវចាត់ទុកផលប្រយោជន៍របស់ប្រជាពលរដ្ឋ ធំជាងប្រយោជន៍របស់ខ្លួន។
ជាមួយគ្នានេះដែរ
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា៖កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៌។ កត្តាសន្តិភាពនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។
ឯកឧត្តម យន្ត មីន បានសង្កត់ធ្ងន់ថា៖( បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ) នេះគឺជាកត្តាសត្យានុម័ត ដែលយើងទាំងអស់គ្នាមិនអាចប្រកែកបានហើយ។
យើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាសន្តិភាព ដែលយើងទទួលបានដោយលំបាកនេះឲ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែងតកូនចៅជំនាន់ក្រោយទៀតកុំឱ្យជួបវិបត្តិទុក្ខភ័យ មហន្តរាយនានាកើតឡើងដោយសារសង្រ្គាមជាបន្តទៀត។
ទន្ទឹមនេះ ឯកឧត្តម យន្ត មីន បានរំលឹក មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជននិងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាសាមគ្គី គាំទ្រចំពោះសម្ដេច តេជោហ៊ុនសែនជាប្រមុខដឹកនាំដ៏ពិនប្រសប់ដែលមិនអាចខ្វះបានក្នុងការកសាងនិងការពារអធិបតេយ្យភាពជាតិនិងលើកតម្កើងកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ ដើម្បី រួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនសម្បូរសប្បាយប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ដ។
សូមជម្រាបថា សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅវត្តពោធិ៍អណ្ដែតនេះ រួមមាន៖ មហាកុដិកម្ពស់២ជាន់ ផ្លូវបេតុងមួយខ្សែប្រវែង ២៧០ម៉ែត្រ ព្រះពុទ្ធបដិមាក្រោមដើមពោធិ៍ចំនួន ៤អង្គ រោងទទួលភ្ញៀវចំនួន១ ខ្ចុះចំនួន២ ស្រះទឹកចំនួន១ និងឆាយដីពង្រាបទីធ្លារស្រះទឹកនេះ បង្គោលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ (សូឡា) និងដងទង់មួយចំនួនក្នុងវត្ត សរុបថវិកាកសាងចំនួន ១៥៥,៩៧៩ដុល្លារអាមេរិក៕









