រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទៅចិន មុនពេល លោកត្រាំ ទៅដល់ប៉េកាំង
តេហេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នឹងធ្វើទស្សនកិច្ច នៅប្រទេសចិន មុនពេលមានដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក Donald Trump និង ចំពេលដែលមានភាពតានតឹង នៅច្រកសមុទ្រ Hormuz។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងធ្វើជាម្ចាស់ផ្ទះ ទទួលសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi នៅមុនដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន ចំពេលមានភាពតានតឹង នៅច្រកសមុទ្រ Hormuz ដែលនៅតែត្រូវបានរារាំងយ៉ាងមានប្រសិទ្ធភាព និង បានប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលសកល។
ក្រសួងការបរទេសចិន បានប្រកាស កាលពីថ្ងៃអង្គារថា លោក Araghchi នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង តាមការអញ្ជើញរបស់ប្រទេសចិន ហើយទំនងជានឹងជួបលោក Wang នៅថ្ងៃពុធនេះ។
លោក Trump គ្រោងនឹងធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង នាសប្តាហ៍ក្រោយ ចំពេលមានបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ខណៈដែលជម្លោះមជ្ឈិមបូព៌ា នៅតែបន្ត ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ។
បើតាម Anadolu, នេះនឹងក្លាយជាជំនួបផ្ទាល់លើកដំបូង របស់អ្នកការទូតអ៊ីរ៉ង់ ជាមួយសមភាគីចិន ចាប់តាំងពីសង្គ្រាម បានអូសបន្លាយពេល ជាងពីរខែ។ យ៉ាងណា រដ្ឋមន្ត្រីទាំងពីរបានលើកទូរស័ព្ទជាច្រើនលើក ក្នុងពេលមានជម្លោះ។
កាលពីថ្ងៃអង្គារ ទូរទស្សន៍រដ្ឋ របស់អ៊ីរ៉ង់ IRIB បានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក Araghchi គឺជាផ្នែកមួយនៃ ការពិគ្រោះយោបល់ការទូតដែលកំពុងបន្តជាមួយប្រទេសផ្សេងៗ ។ ប្រភពបានបន្ថែមថា លោក Wang និង លោក Araghchi នឹងត្រូវពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងពិភពលោក ក៏ដូចជា ទំនាក់ទំនងទ្វេភាគី។
ចំពេលមានការជាប់គាំង ក្នុងកិច្ចចរចា រវាងអ៊ីរ៉ង់ និងអាមេរិក, លោក Araghchi បានធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន, អូម៉ង់ និង រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃ ថ្មីៗនេះ៕
ប្រភពពី Anadolu ប្រែសម្រួល ៖ សារ៉ាត
