ប្រធានាធិបតីវៀតណាមទៅឥណ្ឌា ចរចាទិញមីស៊ីលលឿនជាងសំលេង
ញូវដែលី ៖ ប្រធានាធិបតីវៀតណាម លោក To Lam ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយឥណ្ឌា អំពីការបញ្ជាទិញមីស៊ីលលឿនជាងសំលេង BrahMos ដែលឥណ្ឌា-រុស្ស៊ីបង្កើតឡើងរួមគ្នា ជាពិសេសការពង្រីកទំនាក់ទំនងការពារជាតិទ្វេភាគី ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងញូវដេលី សប្តាហ៍នេះ ។
បើតាម Straits Times, ឥណ្ឌាចាត់ទុកវៀតណាមជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីធានាស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលកើនឡើងឥទ្ធិពលរបស់ប្រទេសមហាយក្សចិន ។
ចំណែកការបញ្ជាទិញមីស៊ីលលឿនជាងសំលេងនេះ កើតឡើងស្របពេលឥណ្ឌាដែលបាននឹងកំពុងពង្រីកផលិតកម្មគ្រឿងសព្វាវុធការពារជាតិក្នុងស្រុក សម្រាប់ប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ក៏បានលក់មីស៊ីលលឿនជាងសំលេងទៅឱ្យប្រទេសហ្វីលីពីនរួចហើយ និងបានចុះកិច្ចសន្យាជាមួយប្រទេសឥណ្ឌូណេស៊ី កាលពីខែមីនាឆ្នាំនេះផងដែរ ។
ប្រភពមួយបានបង្ហើបឱ្យដឹងថា កិច្ចព្រមព្រៀងលក់មីស៊ីលលឿនជាងសំលេងជាមួយវៀតណាម អាចនឹងមានតម្លៃប្រហែល ៦៣១ លានដុល្លារ រួមទាំងការបណ្តុះបណ្តាល និងការគាំទ្រផ្នែកភស្តុភារ ។
រីឯប្រភពទីបីក៏បានអះអាងដែរថា ការប្រកាសអំពីកិច្ចសហប្រតិបត្តិការការពារជាតិមួយចំនួន អាចត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី To Lam ពីថ្ងៃទី ៥ដល់៧ ខែឧសភា ទោះបីជាមិនមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធណាមួយ ត្រូវបានគេរំពឹងទុកក៏ដោយ ។
គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌា និងវៀតណាមបានកើនលើសពី ១៦ ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធចុងក្រោយ ខណៈដែលភាគីទាំងពីរមានបំណងចង់ពង្រីកទំនាក់ទំនងសេដ្ឋកិច្ចបន្ថែមទៀត ។
ក្រៅពីរកស៊ីជាមួយគ្នា ឥណ្ឌាថែមទាំងបានជួយផ្នែកយោធាដល់វៀតណាម នៅក្នុងការហាត់ហ្វឹកហ្វឺន និងបានផ្តល់នាវាចម្បាំងបំពាក់មីស៊ីល Kirpan ដែលផលិតក្នុងស្រុកទៅឱ្យវៀតណាមទុកជាអំណោយកាលពីឆ្នាំ ២០២៣ ផងដែរ ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

