លោក ណេតាន់យ៉ាហ៊ូ ថា សង្គ្រាមអ៊ីរ៉ង់មិនទាន់ចប់, អ៊ុយរ៉ាញ៉ូមត្រូវតែយកចេញ
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានអះអាងថា សង្គ្រាមអ៊ីរ៉ង់ មិនទាន់ចប់ទេ ហើយ អ៊ុយរ៉ាញ៉ូម ត្រូវតែដកចេញពីប្រទេសមួយនេះ។
នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់របស់អ៊ីរ៉ង់ ត្រូវតែដកចេញ មុនពេលសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ អាចត្រូវបានពិចារណា ថាត្រូវបិទបញ្ចប់។
លោករៀបរាប់ថា «វាមិនទាន់ចប់ទេ ព្រោះនៅមានសារធាតុនុយក្លេអ៊ែរ, អ៊ុយរ៉ាញ៉ូមចម្រាញ់ ដែលត្រូវដកចេញពីប្រទេសអ៊ីរ៉ង់… នៅមានកន្លែងចម្រាញ់ ដែលត្រូវតែ រុះរើទាំងអស់»។ ក្នុងកម្មវិធី «៦០នាទី» របស់សារព័ត៌មាន CBS , មេដឹកនាំអ៊ីស្រាអែល រូបនេះ បញ្ជាក់ថា «យើងត្រូវចូលទៅ ហើយយកអ៊ុយរ៉ាញ៉ូមចេញពីអ៊ីរ៉ង់»។
លោក Netanyahu បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Donald Trump មានជំហរស្រដៀងគ្នា ជុំវិញរឿងនេះ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ របស់លោក Netanyahu គឺផ្ទុយពីជំហរសាធារណៈ របស់លោក Trump ។ អ្នកសាធារណរដ្ឋ វ័យ ៧៩ឆ្នាំ រូបនេះ កំពុងស្ថិតនៅក្រោមសម្ពាធក្នុងស្រុក កាន់តែខ្លាំងឡើងដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ ហើយលោកទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ត្រូវបានទប់ស្កាត់ ហើយ។
នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ, លោក Trump បាននិយាយថា អ៊ីរ៉ង់ត្រូវបានចាញ់ដោយយោធា ហើយលោកបានទទូចថា អ៊ុយរ៉ាញ៉ូម អាចត្រូវបានដកចេញ នៅពេលណា ដែលអាមេរិកចង់បាន ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
