លោក ពូទីន ទទួលជួបប្រធានាធិបតីឡាវ នៅមូស្គូ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានទទួលស្វាគមន៍ ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ ទី១០ ខែសភា។ បើតាមសារព័ត៌មានឡាវ, មេដឹកនាំទំាំងពីររូប បានពិភាក្សា ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសំខាន់ៗ ចំនួន៤ រួមទាំង ថាមពល និង សន្តិសុខ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើជាម្ចាស់ផ្ទះ ទទួលសមភាគីឡាវ លោក ថងលូន ស៊ីសូលីត នៅវិមានក្រឹមឡាំង ក្នុងអំឡុងដំណើរទស្សនកិច្ច របស់មេដឹកនាំប្រទេសអាស៊ាន មួយនេះ ទៅកាន់ទីក្រុងមូស្គូ សម្រាប់ការចូលរួមក្បួនដង្ហែទិវាជ័យជំនះ របស់រុស្ស៊ី។

បើតាម AFP, ក្បួនព្យុហយាត្រានេះ ត្រូវបានកាត់បន្ថយ បើធៀបនឹងឆ្នាំមុន ដោយមិនមានឧបករណ៍យោធាដាក់តាំងបង្ហាញ ជាលើកដំបូង ក្នុងរយៈពេលជិត ២ ទសវត្សរ៍ និង មានតែឥស្សរជនបរទេសមួយចំនួនប៉ុណ្ណោះ ដែលបានចូលរួម ដោយសារការភ័យខ្លាចនៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែន។

បើតាមសារព័ត៌មានឡាវ The Laotian Times,
ក្នុងជំនួបនោះ លោក វ្ល៉ាឌីមៀ ពូទីន និង លោក ថងលូន ស៊ីសូលីត បានអះអាងឡើងវិញ នូវទំនាក់ទំនងដ៏យូរអង្វែង។

ប្រភពបន្តថា កិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ បានផ្តោតលើការពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យថាមពល ការអប់រំ ទេសចរណ៍ និង សន្តិសុខ ខណៈដែលភាគីទាំងពីរបានសន្យា ពង្រឹងភាពជាដៃគូ រយៈពេលវែង និង ពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់៕

ប្រភពពី AFP, The Laotian Times ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner