ប្រធានាធិបតីអ៊ីរ៉ង់ ៖ ការព្រមចរចាជាមួយអាមេរិក មិនមែនជាការលត់ជង្គង់សុំចុះចាញ់ទេ
តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអះអាងនៅថ្ងៃ អាទិត្យ ថា ការយល់ព្រមចរចាជាមួយសហរដ្ឋអាមេរិក គឺមានគោលបំណងការពារសិទ្ធិរបស់អ៊ីរ៉ង់ប៉ុណ្ណោះ គឺមិនមែនជាការលត់ជង្គង់សុំចុះចាញ់សង្គ្រាមឡើយ ។
លោក Pezeshkian មានវ័យ៧២ឆ្នាំរូបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា ប្រសិនបើមានការលើកឡើងពីការសន្ទនា ឬការចរចាជាមួយសហរដ្ឋអាមេរិក… វាមិនមែនមានន័យថា ជាការចុះចាញ់ ឬលត់ជង្គង់នោះទេ ប៉ុន្តែគោលដៅនៃការចរចា នោះគឺដើម្បីការពារសិទ្ធិរបស់ប្រជាជាតិអ៊ីរ៉ង់ និងគិតគូរពីផលប្រយោជន៍ជាតិជាធំ ។
ទន្ទឹមគ្នា ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសន្យាអំឡុងកិច្ចប្រជុំក្រុមការងារ ទទួលបន្ទុកកិច្ចការស្តារការខូចខាតឡើងវិញ ក្រោយសង្គ្រាមអាមេរិក-អ៊ីស្រាអែលថា អ៊ីរ៉ង់ នឹងមិនឱនក្បាលសុំចុះចាញ់ នៅចំពោះមុខសត្រូវឡើយ ។
ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា កើនឡើងខ្លាំងចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឱ្យមានការសងសឹកពីទីក្រុងតេហេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិកនៅឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz ៕
ប្រភព ៖ Anadou ប្រែសម្រួល ៖ ឈឹម ទីណា
