ប្រជាពលរដ្ឋខ្មែរចង់ភ្ជាប់លក្ខខណ្ឌបើកច្រកព្រំដែនជាមួយការដកទ័ពថៃពីដីខ្មែរ
ប្រទេសថៃ ដែលធ្លាប់តែគំរាមកំហែងប្រើកម្លាំងលើកម្ពុជា សូម្បីតែរឿងបាត់ទង់ជាតិមួយមិនទាន់ទាំងដឹងមូលហេតុពិតផងនោះ ពេលនេះបានបន្ទន់ឥរិយាបទយ៉ាងខ្លាំង ជាពិសេសក្រោយជំនួបត្រីភាគីនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានប្តេជ្ញាប្រឹងប្រែងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។
ការផ្លាស់ប្តូរឥរិយាបទរបស់ថៃ កើតមានឡើងក្នុងពេលប្រទេសមួយនេះកំពុងជួបវិបត្តិខ្វះទីផ្សារលក់ផលិតផល ពិសេសផលិតផលកសិកម្មនៅរដូវប្រមូលផលនេះ ដោយសារការបិទព្រំដែនជាមួយកម្ពុជា ហើយអវត្តមានទេសចរកម្ពុជាក៏បានជះឥទ្ធិពលអាក្រក់ខ្លាំងដល់វិស័យជាច្រើននៅថៃ ជាពិសេសសុខាភិបាល ទេសចរណ៍ និងកសិកម្ម។
នៅលើបណ្តាញសង្គម ប្រជាជនខ្មែរជាច្រើន ដែលពេលនេះកំពុងធ្វើពហិការផលិតផលថៃ យល់ឃើញថា គោលបំណងពិតរបស់ថៃ គឺព្យាយាមស្វែងរកទីផ្សារលក់ផលិតផល ដើម្បីស្រោចស្រង់សេដ្ឋកិច្ចរបស់ខ្លួន ហើយបានសំណូមពរថា ការបើកច្រកព្រំដែនគួរធ្វើឡើងតែល្គឹកណាកងទ័ពថៃដកចេញពីកម្ពុជាជាមុនសិន។
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានលើកឡើងស្រដៀងគ្នាថា ខ្មែរអាចរស់បានដោយគ្មានផលិតថៃ ហើយការបើកច្រកព្រំដែនណាមួយត្រូវតែភ្ជាប់ជាមួយបញ្ហាអធិបតេយ្យភាពជាតិ។ ពួកគាត់បានបញ្ចេញមតិថា ប្រទេសថៃចាំបាច់ត្រូវបង្ហាញភាពស្មោះត្រង់តាមរយៈការដកកងទ័ព និងប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់មកឱ្យកម្ពុជាវិញ។
ដូចពលរដ្ឋជាច្រើនទៀតដែរ អ្នកស្រី ជា ផេចគីម នៅខេត្តកំពង់ឆ្នាំង យល់ថា បើមិនធ្វើបែបនេះទេ ការបើកព្រំដែននឹងផ្ដល់ផលចំណេញទៅខាងភាគីថៃច្រើនជាងកម្ពុជា ព្រោះថា នៅពេលច្រកព្រំដែនត្រូវបានបើកឱ្យដំណើរការពេញលេញ នោះផលិតផល និងទំនិញពីប្រទេសថៃនឹងហូរចូលមកកាន់ទីផ្សារកម្ពុជាយ៉ាងគំហុក។
អ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជា លោកបណ្ឌិត យង់ ពៅ បានផ្តល់ទស្សនៈស្រដៀងគ្នាថា ការបើកច្រកព្រំដែនឡើងវិញអាចសម្រេចទៅបាន លុះត្រាតែភាគីថៃយល់ព្រមដកទ័ព រុះរើរបងបន្លាលួស និងទូកុងធឺន័រចេញពីទឹកដីកម្ពុជាជាមុនសិន។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារនៃសេចក្តីប្រកាសរួម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាលក្ខខណ្ឌចាំបាច់បំផុត ដើម្បីបើកផ្លូវឱ្យក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ អាចចាប់ផ្តើមដំណើរការវាស់វែង និងបោះបង្គោលព្រំដែនដោយរលូន និងមានប្រសិទ្ធភាព។
ពាក់ព័ន្ធការបើកច្រកព្រំដែន សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជាញឹកញាប់ថា ថៃជាអ្នកបិទជាឯកតោភាគី កម្ពុជានឹងមិនស្នើសុំបើកច្រកព្រំដែនឡើងវិញទេ ហើយក៏មិនរវីរវល់ចរចារជាមួយថៃលើរឿងនេះដែរ ទោះបីថៃចង់បិទ ១០០ ឆ្នាំទៀតក៏បាន ព្រោះវានឹងជួយជំរុញផលិតកម្មក្នុងប្រទេសកម្ពុជា ហើយក្នុងនាមជាអ្នកទិញ កម្ពុជាមិនរងផលប៉ះពាល់ខ្លាំងដូចអ្នកលក់នោះទេ៕
ទួន សុផល