សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ពេលនិយាយអំពីអំបិល គេនឹកឃើញដល់ខេត្តកំពត និងកែប
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកឡើងថា អ្វីដែលខេត្តកំពត និងខេត្តកែបមានតែខេត្តដទៃគ្មាននោះ គឺអំបិល។ខេត្តកំពតមានសក្កានុពលលើការផលិតអំបិល និងខេត្តកែបមានមួយផ្នែកដែរ។ខេត្តទាំងពីរបានដើរតួសំខាន់ជួយផ្គត់ផ្គង់ដល់ខេត្តដទៃផ្សេងទៀត។
ដោយផ្តើមចេញពីចំណុចដែលខេត្តកំពត និងខេត្តកែបមាន ហើយរាជធានី ខេត្តដទៃពុំមាន គឺមូលដ្ឋានផលិតអំបិលធម្មជាតិនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរខេត្តកំពត ឱ្យជំរុញផ្សព្វផ្សាយដល់អ្នកផលិតអំបិលទាំងអស់ ចូលរួមទទួលខុសត្រូវលើការកាត់បន្ថយជំងឺពកកលើប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ន ការផលិតឈានដល់មានការផលិតអំបិលប្រភេទអំបិលអ៊ីយ៉ូត ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងកម្មវិធីជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពត ខេត្តកែប នៅសាលាខេត្តកំពតកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ខេត្តកំពត ដើរតួជាអ្នកផ្ពត់ផ្គង់ផង ប៉ុន្តែក៏ដើរតួនាទីទទួលខុសត្រូវលើសុខុមាលភាពលើអ្នកទទួលទាន ឬអ្នកប្រើប្រាស់ទប់ស្កាត់ជំងឺផង ហើយក៏ត្រូវគិតគូរលើបញ្ហាចរាចរផ្គត់ផ្គង់ផងដែរ ។
នៅខេត្តកំពតមានផ្ទៃដីស្រែអំបិលចំនួនជាង ៣.៤៨៩ហិកតា ចែកជា ៦មណ្ឌល និង ១៧១ក្រុមផលិត មានកម្លាំងពលកម្មចំនួន ១,៤៧៤នាក់( ស្រី ៥៥៧ នាក់) ។
ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ ខេត្តកំពតផលិតអំបិលបានចំនួន ៧ម៉ឺន ៦ពាន់ ១៦១តោន ។ក្នុងនេះអំបិលលក់ចេញចន្លោះពី ៦ ទៅ៧ម៉ឺនតោន។
ចំណែកតម្លៃអំបិលកំពតមាន៖ អំបិលលេខ១ ក្នុង ១បាវ ៥០គីឡូ តម្លៃ ១ម៉ឺន ៩ពាន់រៀល ។ អំបិលលេខ២ ក្នុង ១បាវ ៥០គីឡូ តម្លៃ ១ម៉ឺន ៣ពាន់រៀល ។អំបិលលេខ៣ ក្នុង ១បាវ ៥០គីឡូ តម្លៃ ១ម៉ឺន ៥ពាន់រៀល ។
ចំណែកការផលិតអំបិលនៅខេត្តកែបវិញ គឺជាមុខរបរបែបប្រពៃណីដ៏សំខាន់។ឆ្នាំ២០២៦នេះ ខេត្តកែប មានទីតាំងកំពុងផលិតអំបិលចំនួន ៤ទីតាំងធំៗ លើផ្ទៃដីផលិត ២៩៤ហិកតា ក្នុងចំណោមផ្ទៃដីស្រែអំបិលសរុបជិត៥០០ហិកតា ។
បើតាម លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិត ម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានប្រាប់បណ្ដាញព័ត៌មាន AMS ថា រដូវផលិតអំបិលជាធម្មតានៅចន្លោះខែធ្នូ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅពេលដែលរដូវក្តៅអូសបន្លាយ ការផលិតអំបិល អាចបន្តរហូតដល់ខែមិថុនា ។ ផលិតកម្មអំបិលរបស់កម្ពុជា ក្នុងឆ្នាំ២០២៦នេះ រំពឹងថា អាចកើនពីជាង ៣ម៉ឺនតោន ដល់ ៨ម៉ឺនតោន ដោយបរិមាណអំបិលនេះ អាចបំពេញតម្រូវការក្នុងស្រុកគ្រប់គ្រាន់ មិនចាំបាច់ ពឹងលើការនាំចូលពីបរទេសទៀតទេ ។
លោក ប៊ុន ណារិន បានបញ្ជាក់ថា អំបិលកំពត និងកែប ត្រូវបានក្រសួងពាណិជ្ជកម្ម ប្រកាសជាម៉ាកសម្គាល់ ភូមិសាស្រ្តទំនិញ (GI) ដែលមានគុណភាពខ្ពស់ និងរសជាតិប្លែក កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ។
ក្រោមការសម្របសម្រួលរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ ភូមិសាស្ត្រទំនិញអំបិលកំពត-កែប , អំបិល GI ត្រូវបាននាំចេញទៅកាន់ទីផ្សារអឺរ៉ុបដូចជា បារាំង អង់គ្លេស ស្វីស ឆែក និងប្រទេសជប៉ុន ។
លោក ប៊ុន ណារិន បន្ថែមថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ការប្រមូលផលអំបិល បានប្រមាណជាង ៤ពាន់តោន។ លោកថា ប្រសិនបើអាកាសធាតុអំណោយផលល្អមិនសូវមានភ្លៀងធ្លាក់ច្រើន នោះការប្រមូលផលអំបិល នឹងអាចគ្រប់គ្រាន់ សម្រាប់តម្រូវការប្រើប្រាស់ក្នុងប្រទេស ។
គួរជម្រាបថា កម្ពុជាត្រូវការអំបិលពី៧ម៉ឺន ទៅ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការក្នុងស្រុក ៕








ដោយ៖ វណ្ណលុក