រដ្ឋសភាអនុម័តឯកច្ឆន្ទសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា»
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ១២ ខែ ឧសភា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័តឯកច្ឆន្ទហើយសេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានអញ្ជើញចូលរួមសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧១ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធាផងដែរ។
ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖
· អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។
· ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
· ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
· ការបេជ្ញាចិត្ត៖ រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះឱ្យមានតម្លាភាព និងយុត្តិធម៌បំផុត ដោយគ្មានការលើកលែងសម្រាប់កូនអ្នកមានទ្រព្យសម្បត្តិ ឬមន្ត្រីជាន់ខ្ពស់ឡើយ។
· អត្ថប្រយោជន៍៖ អ្នកបញ្ចប់កាតព្វកិច្ចនឹងទទួលបានអាទិភាពក្នុងក្របខ័ណ្ឌការងារ រក្សាមុខតំណែង និងប្រាក់បៀវត្សរ៍ (សម្រាប់អ្នកមានការងារស្រាប់) និងសិទ្ធិបន្តការសិក្សា។
· ទោសប្បញ្ញត្តិ៖ បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ៥ ឆ្នាំ៕
ដោយ៖ពលជ័យ



