សម្ដេចតេជោ រំលឹកដល់រាជរដ្ឋាភិបាល កុំចរចាទ្វេភាគីជាមួយថៃលើបញ្ហាសមុទ្រ និងណែនាំឱ្យដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយ ជាមួយថៃ លើបញ្ហាសមុទ្រ និងណែនាំឱ្យដើរត្រង់ ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២ ។

តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី១២មេសានេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសរសេរថា កាលពីថ្ងៃទី១១ ឧសភា ២០២៦ មានការចុះផ្សាយ ដោយសារព័ត៌មានថៃ ថា លោករដ្ឋមន្ត្រីការបរទេសថៃ បាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើរការក្នុងក្របខ័ណ្ឌ នៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បង គួរតែជាការចរចារវាងភាគីទាំងពីរ ជាមុនសិន)។

សម្ដេចតេជោ បន្តថា ប្រសិនបើការចុះផ្សាយនេះ ជាសម្តីពិតរបស់ លោករដ្ឋមន្ត្រីការបរទេសថៃ មែននោះ ពាក្យថា (វិធីសាស្ត្រចម្បង គួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះ វាផ្ទុយស្រឡះជាមួយសកម្មភាព របស់ភាគីថៃ ដែលបានលុបចោល MOU 2001 ដោយឯកតោភាគី ដែលបានលុបចោលក្របខ័ណ្ឌ នៃការចរចាទ្វេភាគីរួចស្រេចទៅហើយ សម្រាប់ដែនសមុទ្រត្រួតស៊ីគ្នា ។

ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី សម្ដេចតេជោ សូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយ ជាមួយថៃលើបញ្ហាសមុទ្រ និងសូមដើរត្រង់ ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយ ពីភាគីថៃនោះឡើយ ។

សម្ដេចតេជោបន្ថែមថា កាលពីថ្ងៃ ៦ ខែឧសភា ២០២៦ ខ្ញុំបានរំលឹកម្តងរួចហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោល។ យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃ ដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner