កំពង់ផែស្វយ័តភ្នំពេញទទួលប្រាក់ចំណេញសុទ្ធជាង ១៩លានដុល្លារនៅឆ្នាំ២០២៥

ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី ១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា វិស័យដឹកជញ្ជូន និងភស្តុភារកម្ម កំពុងឈានចូលដំណាក់កាល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ កំពង់ផែនានាក្នុងតំបន់កំពុងធ្វើទំនើបកម្ម ខណៈច្រករបៀងដឹកជញ្ជូន និងប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយថ្មីៗ កំពុងបង្ហាញខ្លួននៅក្នុងតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ (GMS) ។

ជាមួយគ្នានេះ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ នៅតែបន្តជាបញ្ហាប្រឈមដល់វិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនសកល។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្តពង្រឹងភាពធន់ ភាពអាចបត់បែនបាន និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីធានាកំណើនរយៈពេលវែង ដោយត្រូវបន្តពន្លឿនការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថល។

ភាពប្រកួតប្រជែងនាពេលអនាគត នឹងមិនពឹងផ្អែកត្រឹមតែលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា និងប្រព័ន្ធភស្តុភារកម្មឆ្លាតវៃផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា ក៏បានកោតសរសើរដល់កំពង់ផែស្វយ័តភ្នំពេញ ដែលបានបង្ហាញពីលទ្ធផលប្រតិបត្តិការដ៏វិជ្ជមានក្នុងឆ្នាំ២០២៥ ជាពិសេស កំណើននៃបរិមាណកុងតឺន័រ ទំនិញ ចំណូល និងប្រាក់ចំណេញ។ លទ្ធផលទាំងនេះ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងនាមជាច្រកទ្វារភស្តុភារកម្មយុទ្ធសាស្ត្រតាមផ្លូវទឹក ដែលបានរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងការតភ្ជាប់ក្នុងតំបន់ ។

លោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក នៃកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា បរិមាណកុងតឺន័រសរុបក្នុងឆ្នាំ២០២៥ មានជាង ៦០ម៉ឺន TEU កើនឡើងជិត ២៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ ពោលគឺសម្រេចបាន ១១៥%នៃផែនការ។ ក្នុងការិយបរិច្ឆេទ ២០២៥ ប្រាក់ចំណេញសុទ្ធសរុបសម្រេចបានជាង១៩លានដុល្លារអាម៉េរិក កើន៤៧%ធៀបនឹងឆ្នាំ២០២៤៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner