ក្រសួងសុខាភិបាល បើកវគ្គបណ្ដុះបណ្តាល ស្ដីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្តាល ស្ដីពីភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្តសាធារណៈ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងបង្កើនការយល់ដឹងស្ដីពីបន្ទុកនៃសុខភាពផ្លូវចិត្តជាសកល ក្នុងតំបន់ និងក្នុងប្រទេស ឆ្លុះបញ្ចាំងស្ថានភាពបច្ចុប្បន្ន និងលទ្ធភាពនៃការអភិវឌ្ឍ និងលើកកម្ពស់ការកសាងក្របខណ្ឌការងារសម្រាប់កិច្ចសម្របសម្រួលអន្តរវិស័យរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់ភាពជាអ្នកដឹកនាំសុខភាពផ្លូវចិត្ត អភិបាលកិច្ច និងការផ្ដល់សេវា។

ឯកឧត្តរដ្ឋមន្រ្តី គូសបញ្ជាក់ថា ភាពជាអ្នកដឹកនាំរឹងមាំមិនត្រឹមតែផ្តោតលើអំណាច និងការសម្រេចចិត្តនោះទេ ទន្ទឹមនឹងនោះក៏ផ្តោតលើតុល្យភាពស្មារតី ភាពធន់ ក្តីករុណា និងសមត្ថភាពក្នុងការគាំទ្រអ្នកដទៃក្នុងអំឡុងពេលដ៏លំបាកផងដែរ។ ការការពារសុខភាពផ្លូវចិត្តមានន័យថា លើកកម្ពស់សុខុមាលភាពផ្លូវចិត្តនៅគ្រប់កម្រិត ចាប់ពីបុគ្គល ស្ថាប័ន និងសង្គមទាំងមូល។ ទឹកចិត្តល្អ បង្កើតភាជាអ្នកដឹកនាំល្អ, មេដឹកនាំរឹងមាំ បង្កើតសហគមន៍កាន់តែរឹងមាំ។

ជាមួយគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជំរុញការលើកទឹកចិត្តដល់ការចូលរួមទាំងអស់ ដោយយកចិត្តទុកដាក់ និងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្តនៅកម្ពុជា។ ក្នុងការចូលរួមសុទ្ធតែជាគ្រូបង្គោលដ៏សំខាន់ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍បន្តដល់គ្នាទៅវិញទៅមក។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ពាក្យស្លោក «ភាពជាអ្នកដឹកនាំល្អ ចាប់ផ្តើមពីភាពច្បាស់លាស់ផ្លូវចិត្ត»។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការវិនិយោគក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំ គឺជាការវិនិយោគដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលមានភាពរឹងមាំទៅអនាគត ជាមួយវិចារណកម្មសំខាន់ៗគឺ ១) អ្នកដឹកនាំដែលរឹងមាំបង្កើតអង្គភាពរឹងមាំ ២) អង្គភាពរឹងមាំបង្កើតសេវាកាន់តែល្អឡើង ៣)សេវាកាន់តែល្អឡើងធ្វើឱ្យសុខភាពកាន់តែប្រសើរឡើង។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកនូវចំណុចដែលថ្នាក់ដឹកនាំគួរចៀសវាង គឺ កុំមានវិបត្តិ កុំ Burn out កុំជ្រួលច្របល់ កុំប្រកាន់ កុំមានការប៉ះទង្គិច កុំខ្សោយ កុំបែងចែក កុំស្ងាត់ដែលមិនមានភាពជឿនលឿន និងមិនសូវមានទំនាក់ទំនង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោកនៅទីស្នាក់ការកណ្ដាល នៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច និង ប្រចាំនៅប្រទេសកម្ពុជា ជាពិសេសឯកឧត្តមបណ្ឌិត Tedros អគ្គនាយកអង្គការសុខភាពពិភពលោក ដែលបានគាំទ្រដល់ការអភិវឌ្ឍសុខភាពផ្លូវចិត្តនៅកម្ពុជា ព្រមទាំងបានចាត់បញ្ចូលប្រទេសកម្ពុជា ជាប្រទេសទី ១០ នៃគម្រោងផ្ដួចផ្ដើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្ត និងសូមអរគុណដល់ដៃគូសហការទាំងអស់ ដែលបានគាំទ្រកម្មវិធីសុខភាពផ្លូវចិត្ត នៅកម្ពុជា៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner