អេមីរ៉ាត់ អារ៉ាប់រួម ទាត់ចោលដំណឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលធ្វើទស្សនកិច្ច ដោយសម្ងាត់

រីយ៉ាដ ៖ អេមីរ៉ាត់ អារ៉ាប់រួម បានបដិសេធដំណឹងដែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានធ្វើដំណើរទស្សនកិច្ច ដោយសម្ងាត់ មកកាន់ប្រទេសរបស់ខ្លួន ក្នុងអំឡុងពេលសង្រ្គាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងលើអ៊ីរ៉ង់។

ក្រសួងការបរទេស កាលពីថ្ងៃពុធ បានប្រកាសច្រានចោលសេចក្ដីថ្លែងការណ៍ របស់ការិយាល័យ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលអះអាងថា លោក Netanyahu បានធ្វើទស្សនកិច្ច ទៅកាន់អេមីរ៉ាតអារ៉ាប់រួម និង បានជួបប្រធានាធិបតី គឺ ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេស អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយថា ទំនាក់ទំនងជាមួយអ៊ីស្រាអែល ជាទំនាក់ទំនងបើកចំហ ជាសាធារណៈ និងមិនផ្អែកលើ ការរៀបចំដំណើរទស្សនកិច្ចមិនផ្លូវការ ឬ គ្មានតម្លាភាពនោះទេ។

ក្រសួងការបរទេស បញ្ជាក់ថា «រាល់ការអះអាងពីដំណើរទស្សនកិច្ច មិនប្រកាសឱ្យដឹងមុន ឬ ធ្វើឡើងជាសម្ងាត់ គឺជារឿងមិនពិត ដរាបណាមិនមានការប្រកាសផ្លូវការពីក្រុមមន្ត្រី អេមីរ៉ាត់ អារ៉ាប់រួម »។

ការទាត់ចោលនេះ ធ្វើឡើង បន្ទាប់ពីលេចលឺដំណឹងដែលថា អារ៉ាប៊ី សាអូឌីត និង អេមីរ៉ាត អារ៉ាប់រួម ក៏បានលួចព្រួតដៃគ្នាវាយប្រហារជាបន្តបន្ទាប់ ទៅលើគោលដៅប្រទេសអ៊ីរ៉ង់ផងដែរ ក្រៅពី​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​។

បើតាមកាសែត Wall Street Journal, ការវាយប្រហារទាំងនេះ កើតមានឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកប្រធានាធិបតី Donald Trump ប្រកាសបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីថ្ងៃទី៨ ខែមេសា ដើម្បីសម្រួលដល់ការចរចាបញ្ចប់សង្គ្រាម ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner