អាមេរិក ប្រមូលទិញមីស៊ីលថោកៗ ១ ម៉ឺនគ្រាប់បំពេញស្តុកតម្លៃថ្លៃ ក្រោយខ្ទេចខ្ទីច្រើនក្នុងសង្គ្រាម អ៊ីរ៉ង់
អាមេរិក ៖ មន្ទីរបញ្ចកោណប្រកាស កាលពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនសព្វាវុធជាច្រើន ដើម្បីទទួលបានការផ្គត់ផ្គង់កាំជ្រួចមីស៊ីលតម្លៃថោកៗចំនួន ១ ម៉ឺនគ្រាប់ បន្ទាប់ពីភ្លើងសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ បានលេបត្របាក់ស្តុកមីស៊ីលតម្លៃថ្លៃៗរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ ។
មន្ទីរបញ្ចកោណនិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីលតម្លៃទាប ចំនួន១ម៉ឺនគ្រាប់នេះ ធ្វើឡើងជាមួយក្រុមហ៊ុន Anduril, CoAspire, Leidos និង Zone 5 នៅក្រោមគម្រោងរបស់កម្មវិធីស្តុកទុកគ្រាប់មីស៊ីលតម្លៃថោក ហៅកាត់ LCCM ។
ក្រសួងនឹងទិញមីស៊ីល សាកល្បងពីក្រុមហ៊ុន ទាំង៤នេះ ចាប់ពីខែមិថុនា ដើម្បីដាក់ជាមូលដ្ឋានគ្រឹះសម្រាប់ដំណាក់កាល វាយតម្លៃនៃកម្មវិធី LCCM ។
ប្រភពបន្តថា កិច្ចព្រមព្រៀង ដាច់ដោយឡែកមួយទៀត គឺធ្វើជាមួយក្រុមហ៊ុន Castelion ដែលនឹងឃើញមន្ទីរបញ្ចកោណ ទទួលបានកាំជ្រួច Blackbeard តម្លៃថោក ចំនួន ៥០០ ដើម ក្នុងមួយឆ្នាំ ។ កុងត្រានេះ ក៏មានជម្រើសមួយ សម្រាប់បន្តកិច្ចសន្យា ៥ឆ្នាំ ដោយមន្ទីរបញ្ចកោណ កំពុងស្វែងរកសិទ្ធិអំណាច និង ការផ្តល់មូលនិធិយ៉ាងសកម្ម ដើម្បីទិញមីស៊ីលល្បឿនលឿនជាងសំឡេងរាប់ពាន់គ្រាប់បន្ថែមទៀត ពីក្រុមហ៊ុន Castelion ដូចគ្នា ។
លោក Emil Michael អនុរដ្ឋមន្ត្រី ក្រសួងសង្រ្គាម ទទួលបន្ទុកកិច្ចការស្រាវជ្រាវ និង វិស្វកម្ម បាននិយាយថា «យើងនឹងចែកចាយមីស៊ីល ដែលមានតម្លៃសមរម្យ សម្រាប់អ្នកចម្បាំងរបស់យើង ក្នុងល្បឿនលឿន ដែលមិនធ្លាប់មានពីមុនមក» ។
លោកបានបន្ថែមថា ជាមួយនឹងតម្រូវការច្បាស់លាស់, កិច្ចព្រមព្រៀងក្របខ័ណ្ឌទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ឧស្សាហកម្មយោធាអាមេរិក ក្នុងការដឹកជញ្ជូន ទាន់ពេលវេលា លើការចំណាយ និង ការវិនិយោគ នៅក្នុងទម្រង់ ការស្រាវជ្រាវនិងការអភិវឌ្ឍ R&D។
ការប្រកាសនេះធ្វើឡើង ចំពេលដែលរដ្ឋបាល របស់លោក Trump ស្វែងរកការបំពេញឃ្លាំងឡើងវិញ នូវប្រភេទអាវុធសំខាន់ៗដែលត្រូវបានប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ អំឡុងសង្គ្រាមអាមេរិក ស្រាក់ដៃគ្នាជាមួយអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ ។
បើតាម Tass, សហរដ្ឋអាមេរិក បានដុតបំផ្លាញប្រព័ន្ធស្ទាក់ចាប់មីស៊ីល តម្លៃជាង ៤លានដុល្លារ ដូចជា Patriot ព្រមទាំង THAAD និង Standard ជាដើម ចន្លោះពី ១,៥០០ គ្រឿង ទៅ ២ ពាន់គ្រឿង នៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមធ្វើ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ CSIS បានចេញផ្សាយរបាយការណ៍មួយ កាលពីខែមុន ដោយប៉ាន់ប្រមាណថា អាមេរិកនឹងចំណាយពេល ដល់ទៅ ៤ ឆ្នាំ ដើម្បីបំពេញស្តុកមីស៊ីល ឲ្យដូចកម្រិតបរិមាណ នៅមុនផ្ទុះសង្គ្រាម ដោយសារតែ ការផលិតត្រូវចាយពេលយូរ ជាមួយនឹងការប្រកួតប្រជែង ពីប្រទេសដទៃទៀត។
ការណ៍នេះ ក៏នាំឲ្យសហរដ្ឋអាមេរិក ងាកមករកការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល ដែលត្រូវបន្ថោកតម្លៃ មកនៅត្រឹមតិចជាង ២៥ ម៉ឺនដុល្លារ នៅក្នុងមួយគ្រឿង៕
ប្រភពពី Anadolu, ប្រែសម្រួល ៖ សារ៉ាត