អាមេរិកផ្តល់ ១.៨ពាន់លានដុល្លារបន្ថែម ដល់កិច្ចប្រឹងប្រែងមនុស្សធម៌ UN

អ.ស.ប ៖ បេសកជនអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសបន្ថែមមូលនិធិ ចំនួន ១,៨ពាន់លានដុល្លារ សម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ របស់អង្គការសហប្រជាជាតិ។

អំឡុងសន្និសីទសារព័ត៌មាន នៅឯទីស្នាក់ការ UN, ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Mike Waltz បញ្ជាក់ថា វិភាគទានបន្ថែមនេះ គឺសម្រាប់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ ​នៅក្នុងឆ្នាំនេះ។

លោករៀបរាប់ថា «មូលនិធិទាំងនេះ នឹងជួយសង្គ្រោះជីវិតមនុស្ស កាន់តែច្រើន នៅជុំវិញពិភពលោក ប៉ុន្តែ ក៏ជំរុញឱ្យមានកំណែទម្រង់ ដែលយើងបានដាក់ឱ្យដំណើរការ សម្រាប់ប្រសិទ្ធភាព គណនេយ្យភាព និង យូរអង្វែង»។

បើតាម UN, សេចក្តីប្រកាសផ្តល់មូលនិធិ ដែលធ្វើឡើង​ ដោយសហរដ្ឋអាមេរិក បែបនេះ បាននាំមកនូវជំនួយមនុស្សធម៌ថ្មីៗសរុប របស់សហរដ្ឋអាមេរិក ដែលបញ្ជូន តាមរយៈប្រព័ន្ធសម្របសម្រួលដោយអង្គការសហប្រជាជាតិ បានកើនដល់ទៅ ៣.៨ពាន់លានដុល្លារ បន្ទាប់ពីការផ្តល់ពីមុន ចំនួន២ពាន់លានដុល្លារ ដែលបានប្រកាស កាលពីខែធ្នូ។

អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍​ ដោយនិយាយថា ការផ្តល់ទាំងនេះ នឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ ឈានដល់មនុស្សរាប់លាននាក់ នៅក្នុងវិបត្តិបន្ទាន់បំផុត​។

ការផ្តល់មូលនិធិនេះ កើតឡើង នៅពេលដែលភ្នាក់ងារមនុស្សធម៌ ប្រឈមនឹងសម្ពាធកាន់តែខ្លាំងពីជម្លោះ, ការផ្លាស់ទីលំនៅ, ការប្រែប្រួលអាកាសធាតុ និងការធ្លាក់ចុះថវិកា ពីម្ចាស់ជំនួយ។ យោងតាមការប៉ាន់ប្រមាណ មនុស្សប្រហែល ២៣៩លាននាក់ នៅទូទាំងពិភពលោក បច្ចុប្បន្ន ត្រូវការជំនួយមនុស្សធម៌៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner