ផ្ទះចំនួន ១០០ខ្នង និងដីឡូត៍ ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជន និងនិវត្តជនស្រុកសាមគ្គីមានជ័យ
កំពង់ឆ្នាំង៖ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាមេបញ្ជា ការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកាលពីថ្ងៃទី១៤ ខែឧសភា
ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះ និងដីឡូត៍ជូនដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន១០០ខ្នងនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
អាន៖មានប្រសាសន៍ក្នុងពិធីប្រគល់ផ្ទះ និងដីឡូត៍ជូនដល់អតីតយុទ្ធជន និងនិវត្តជនឯកឧត្តម ហ៊ុន ម៉ានិត បានបញ្ជាក់ថា នេះជាសក្ខីភាពបង្ហាញឱ្យឃើញអំពីការគិតគូរយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងសមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់ អតីតយុទ្ធជន និងនិវត្តជន ក្នុងការការពារ និងកសាងជាតិមាតុភូមិ។ ដើម្បីតបស្នងសងគុណ និងលើកកម្ពស់ជីវភាពរបស់បងប្អូន រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ និងគាំទ្រផ្នែកជីវភាព តែងតែបើកប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងនិវត្តជនជាទៀងទាត់។ ការសាងសង់លំនៅឋាន មានការផ្តល់ដីសម្បទានសង្គមកិច្ច និងផ្ទះទេវតាជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត។ ពង្រឹងទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមបណ្តាខេត្តដើម្បីបម្រើ និងដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ ។
គួរជម្រាបថា នៅខេត្តកំពង់ឆ្នាំងតំបន់សម្បទានមានផ្ទៃដីសរុប ១ ៣៥៣ហិកតា ។ចាប់ពីឆ្នាំ២០២២ មកបានសាងសង់ផ្ទះជូនអតីតយុទ្ធជនជា២ជំហាន សរុបចំនួន ២១៤ខ្នង ។ ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកសាងផ្លូវល្បាយក្រួស ចំនួន ២ខ្សែ ប្រវែងសរុប ៤ ១០០ម៉ែត្រ និងសាងសង់អណ្ដូង ចំនួន ៧អណ្ដូង, ដំឡើងម៉ាស៊ីនចម្រោះទឹកស្អាតចំនួន១កន្លែង ៕
ដោយ៖សុខ គឹមសៀន
















