អតីតយុទ្ធជន-និវត្តជនជាង១៧ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុក កំពុងទទួលប្រាក់របបសន្តិសុខសង្គមពីរដ្ឋ

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ នៃសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍រំលឹកថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល តែងតែផ្ដល់អាទិភាពខ្ពស់លើការអនុវត្តគោលនយោបាយគាំពារដល់អតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា សង្គ្រាម និងរបបប្រល័យពូជសាសន៍ នាពេលកន្លងមក បានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានទាំងជនពិការ និវត្តជន និងគ្រួសារយុទ្ធជនពលីជាច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដឹងគុណ ចំពោះការលះបង់របស់ពួកគេ ដើម្បីបុព្វហេតុជាតិមាតុភូមិ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិ របស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គម សម្រាប់កម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍ សម្រាប់ជាតិមាតុភូមិ និងប្រជាជន ។

ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរំលឹកថា កម្ពុជា បានឆ្លងកាត់សង្គ្រាម និងរបបប្រល័យពូជសាសន៍ ហើយបន្សល់ទុក នូវផលវិបាកជាច្រើន ដែលមិនអាចគណនាបាន ។ ជ័យជម្នះជាប្រវត្តិសាស្ត្រថ្ងៃ ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីគ្រោះមហន្តរាយ និងបានស្តារ កសាង អភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃ។ ជ័យជម្នះនេះ ពិតជាមានការរួមចំណែកដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បន្តថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះអតីតយុទ្ធជន និងនិវត្តជន ដោយបានដាក់ឱ្យអនុវត្តគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលបង្ហាញឱ្យឃើញនូវការគោរពដឹងគុណចំពោះបងប្អូន អតីតយុទ្ធជន និងនិវត្តជន។ ជាក់ស្ដែង បច្ចុប្បន្ន អតីតយុទ្ធជន និងនិវត្តជន មានចំនួនសរុបជាង ១៧ម៉ឺននាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកសរុបចំនួនជិត ១៨ម៉ឺននាក់ ដែលកំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ ក្នុងចំណោមនោះ មានអតីតយុទ្ធជនចំនួនជិត ១២ម៉ឺននាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួនជាង ១៦ម៉ឺននាក់ ព្រមទាំងអតីតមន្ត្រីរាជការស៊ីវិល ចំនួន ៥ម៉ឺន ៨ពាន់នាក់ និងអ្នកក្នុងបន្ទុកចំនួនជាង ១ម៉ឺន៥ពាន់នាក់ ។ បច្ចុប្បន្ន បងប្អូនអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល ទទួលបានរបបសន្តិសុខសង្គមទាបបំផុត ចំនួន ៨៤ម៉ឺន ៥ពាន់រៀល ព្រមទាំងដំឡើងប្រាក់វិភាជន៍គ្រួសារជាបន្តបន្ទាប់ផងដែរ ។

ចំណែកឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង របស់វីរអតីតយុទ្ធជន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយក្រសួង ស្ថាប័ន សប្បុរសជននានា បានសាងសង់ផ្ទះ ជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារជនពលី ជនមរណៈ គិតត្រឹមឆ្នាំ២០២៥ បានចំនួន ប្រមាណ ៧ ៥០០ខ្នងផ្ទះ រួមទាំងការផ្តល់ដីសម្រាប់បង្កបង្កើនផល សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរៀបចំជាភូមិជូនបងប្អូនអតីតយុទ្ធជនក្រីក្រ ដែលស្ម័គ្រចិត្តទៅរស់នៅលើសម្បទានដីសង្គមកិច្ច ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner