ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី អ៊ឹង កន្ថាផាវី អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ FrancoTech អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងវិស័យឯកជន ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ FrancoTech អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន លើការរៀបចំព្រឹត្តិការណ៍ FrancoTech ដែលជាព្រឹត្តិការណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថលដ៏សំខាន់ អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាព និងការងារត្រៀមនានាដែលសម្រេចបានកន្លងមក ព្រមទាំងបានអំពាវនាវឱ្យវិស័យឯកជនចូលរួមគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍នេះ តាមរយៈការឧបត្ថម្ភ ការចូលរួមជាអ្នកស្ម័គ្រចិត្ត ការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងទម្រង់ផ្សេងៗទៀត ដើម្បីរួមចំណែកធានាឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ FrancoTech និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់សហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល ហើយទាមទារឱ្យមានការចូលរួម និងសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងស្មារតីសាមគ្គីភាព និងភាពជាដៃគូ ដើម្បីបង្ហាញពីសក្តានុពល និងកិត្យានុភាពធុរកិច្ចកម្ពុជា លើឆាកអន្តរជាតិ៕
ដោយ៖ង៉ាន់ ទិត្យ

