វិវាទដីធ្លី ក្រុមហ៊ុន Socfin និងសហគមន៍ទាំង៥ ក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគីរី បានប្រកាសបិទបញ្ចប់ការដោះ ស្រាយដោយជោគជ័យ ក្រោយការប្រើពេលជាច្រើនឆ្នាំ

អត្ថបទដោយ៖
Sophol Kung

ភ្នំពេញ៖ នៅទីបំផុត វិវាទដីធ្លីដែលអូសបន្លាយជាច្រើនឆ្នាំ រវាងសមាជិកសហគមន៍ទាំង៥ នៅក្នុងឃុំប៊ូស្រានិងក្រុមហ៊ុន Socfin Group ត្រូវបានបើកបង្ហាញជាសាធារណៈហើយ អំពីភាពជោគជ័យនៃការដោះស្រាយតាមរយៈដំណើរការសម្រុះ សម្រួលដោយ ស្ម័គ្រចិត្ត និងឯករាជ្យ ដែលជាគំរូល្អដំបូងបំផុតនៅកម្ពុជា ។

ពិធីចុះហត្ថលេខារួមគ្នាលើសេចក្តីថ្លែងការណ៍រួម ស្តីពីសេចក្តីប្រកាស និងការផ្សព្វផ្សាយចែករំលែកជាសាធារណៈ​នូវរាល់ឯកសារ​កិច្ចព្រមព្រៀងសម្រុះសម្រួលទាក់ទងនឹងវិវាទដីធ្លីទាំង ៤ករណី រវាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី និងក្រុមហ៊ុន កូវីផាម៉ា និងតំណាងចរចានៃសហគមន៍ពូនងទាំង ៥ភូមិ រួមមាន ពូទឺត ពូរាំង ពូចារ ប៊ូស្រា និងពូលុ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០២៦ ស្ថិតនៅសាលាស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាអធិបភាពក្នុងពិធីនោះ និងចូលរួមពីអាជ្ញាធរមូលដ្ឋាន, តំណាងសហគមន៍ជនជាតិដើមភាគតិចពូនងទាំង ៥ភូមិ, តំណាងក្រុមហ៊ុន Socfin Group, តំណាងក្រុមហ៊ុន សុកហ្វីន ខេស៊ីឌី (Socfin KCD) និងក្រុមហ៊ុន កូវីផាម៉ា រួមទាំងមន្រ្តី និងតំ ណាងអង្គការក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធជាច្រើនរូបផងដែរ ។

ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅក្នុងឱកាសនោះបានថ្លែងថា ពិធីចុះហត្ថលេខានេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តមួយដ៏វិសេសវិសាល ដែលបង្ហាញពីភាពជោគជ័យនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលសបញ្ជាក់ឲ្យឃើញពីស្មារតីសាមគ្គីភាព ការយោគយល់គ្នា និងជាការស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ បញ្ចប់វិវាទរវាង​វិស័យឯកជន និងសហគមន៍មូលដ្ឋាន ។

ឯកឧត្តមបានបញ្ជាក់ថា វិវាទដីធ្លីនៅឃុំប៊ូស្រា បានអូសបន្លាយពេលយ៉ាងយូរ ដែលបង្កឲ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍន៍ និងជីវភាពរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ផងដែរ ។ វិវាទដីធ្លីនេះ គឺជាបញ្ហាដ៏ស្មុគស្មាញដែលទាមទារនូវការអត់ធ្មត់ ភាពស្មោះត្រង់ និងឆន្ទៈពិតប្រាកដក្នុងការចូលរួមស្វែងរកការដោះស្រាយ។

អ្វីដែលសម្រេចជាសេចក្តីថ្លែងការណ៍រួមពីភាគីទាំងសង្ខាងនេះ គឺជាផ្លែផ្កានៃការអត់ធ្មត់ និងឆន្ទៈពិតប្រាកដក្នុងការចូលរួម​កិច្ចចរចា តាមរយៈការសម្រុះសម្រួលដោយផ្អែកលើ «គោលការណ៍ ឈ្នះ-ឈ្នះ»។ការឈានមកដល់​ដំណាក់​កាល​នៃ«ការផ្សព្វផ្សាយជាសាធារណៈ» នូវកិច្ចព្រមព្រៀងទាំង២៦នេះ គឺជាផ្លែផ្កានៃកិច្ចខិតខំដ៏យូរអង្វែង ក្រោមការសម្រប​សម្រួលពីតួអង្គវិស័យឯកជន និងសង្គមស៊ីវិល ដោយផ្អែកលើគោលការណ៍សិទ្ធិមនុស្ស គោលការណ៍ចូលរួមដោយស្ម័គ្រចិត្ត និងគោលការណ៍គោរពសិទ្ធិស្វ័យសម្រេចរបស់ភាគីវិវាទ ព្រមទាំងការគោរពទំនៀមទំលាប់ប្រពៃណី​របស់បងប្អូន​ជនជាតិដើមភាគតិចពូនង ។

តំណាងក្រុមហ៊ុន Socfin-KCO & Coviphama បានថ្លែងថា ការឈានមកដល់ដំណាក់កាលនៃ«ការផ្សព្វផ្សាយជាសាធារណៈ» នូវកិច្ចព្រមព្រៀងនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំដ៏យូរអង្វែង ប្រកបដោយការទទួលខុសត្រូវភាពអត់ធ្មត់ និងឆន្ទៈនៃការចង់​ផ្សះផ្សាដោយសន្តិវិធី ។

យោងតាមសេចក្តីថ្លែងការរួម ដំណើរការសម្រុះសម្រួលនេះ មានគោលបំណងណែនាំពីដំណោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងជាគម្រោងសាកល្បងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ នេះគឺជាដំណើរការសហការដោយស្ម័គ្រចិត្ត ដែលភាគីទាំងពីរ​បានលើកឡើងអំពីបញ្ហាដែលបានរកឃើញ បង្កើតជម្រើសដែលបានពិចារណា និងកិច្ចព្រមព្រៀងរួម ។ ក្រុមហ៊ុន និងសហគមន៍​ទាំង៥ បានឯកភាពគ្នាចេញផ្សាយនូវសេចក្តីថ្លែងការណ៍រួមជាសាធារណៈ ដែលលើកឡើងអំពីសេចក្តីសម្រេចដែលបានចរចាគ្នា ចំនួន៤រួមមាន ៖ ការសម្រុះសម្រួលលើដីរួមសហគមន៍នៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ដែលរួមមានដីព្រៃអារក្ស ដីព្រៃតំណម ដីព្រៃខ្មោច និងដីព្រៃបម្រុងទុក, ការសម្រុះ សម្រួលលើដីតាមដងអូរ ក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច, ការសម្រុះសម្រួល​លើដីចម្ការកៅស៊ូគ្រួសារ (កសិករខ្នាតតូច) និងការសម្រុះសម្រួលលើដីចម្ការពាក់ព័ន្ធ ។

ការសម្រុះសម្រួលនេះ សហគមន៍ទទួលការណែនាំ និងការគាំទ្រពីអង្គការ Legal Aid of Cambodia (LAC) អ្នកសង្កេតការណ៍ និងសាក្សីដែលជាចាស់ទុំនៅក្នុងភូមិ មេឃុំប៊ូស្រា និងតំណាងការិយាល័យអង្គការសហប្រជាជាតិសម្រាប់​សិទ្ធិមនុស្សនៅ​ក្នុងប្រទេសកម្ពុជា (UNOCHR)។ ការចរចានេះ ត្រូវបានសម្រុះសម្រួលដោយក្រុមការងារសម្រុះសម្រួលឯករាជ្យ IMG។

សូមបញ្ជាក់ថា ក្រុមហ៊ុន Socfin-KCD ជាក្រុមហ៊ុនចម្ការកៅស៊ូ និងរោងចក្រ ដែលមានវិធីសាស្រ្តសម្រាប់ការផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិដែលអនុលោមតាម EUDR ។ ក្រុមហ៊ុនមានការប្តេជ្ញាចិត្តចំពោះភាពយូរអង្វែង និងដោយគ្មានការកាប់បំផ្លាញព្រៃឈើ ជាមួយនឹងការយល់ដឹង គោរពទៅតាមវប្បធម៌ប្រពៃណី របស់ជនជាតិដើមភាគតិចនៅកម្ពុជា និងចូលរួមយកចិត្តទុកដាក់ក្នុង​ការបង្កើតអនាគតបៃតង និងឧស្សាហកម្មកៅស៊ូ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ផុន ពិសិដ្ឋ

ads banner