ក្រុមអ្នកវិនិយោគគូរ៉េ សម្លឹងរកឱកាសវិនិយោគលើស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ក្រុមអ្នកវិនិយោគគូរ៉េកំពុងសម្លឹងរកឱកាសបន្ថែមទៀតដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស ទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់នោះ គឺទៅលើស្វាយចន្ទី ។នេះបើតាមលោក ផាក ជូបុង (Park Joo Bong) ប្រធានក្រុមហ៊ុន ដេចូ ខេស៊ី គ្រុប(Daejoo KC Group) និងជាប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆន់ បានជម្រាបជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។
ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារខាងលើ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោបានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក ផាក ជូបុង បានលើកឡើងនូវទិដ្ឋភាពបរិយាកាស នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកបានរំលេចថា កម្ពុជា គឺជាប្រទេសមួយ ដែលមានសុវត្ថិភាព ហើយទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ។លោកបានជម្រាបសម្ដេចតេជោទៀតថា នៅពេលនេះ ក្រុមអ្នកវិនិយោគ កំពុងតែស្វែងរកឱកាសបន្ថែមទៀត ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេស ទៅលើវិស័យកសិកម្ម ហើយអ្វីដែលជាការកត់សម្គាល់សំខាន់នោះ គឺទៅលើស្វាយចន្ទី ។

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍ របស់អ្នកវិនិយោគសាធារណរដ្ឋកូរ៉េ មកកាន់ប្រទេសកម្ពុជា។ សម្ដេចតេជោ ពេញចិត្ត ចំពោះការចាប់អារម្មណ៍ទៅលើការវិនិយោគផ្នែកកសិកម្ម ពោល គឺស្វាយចន្ទី ដោយសម្ដេច បានរំលេចថា ប្រទេសកម្ពុជា មាននូវផលិតផលជាច្រើនសម្រាប់ធ្វើការវិនិយោគបន្តទៀត ជាពិសេស គឺផលិតផលកសិកម្មដែលជាវត្ថុធាតុដើម ។
ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា សម្ដេចតេជោ បានប្រាប់ក្រុមអ្នកវិនិយោគគូរ៉េថា អ្វីដែលកម្ពុជា ត្រូវការបន្ថែមនោះ គឺអ្នកវិនិយោគដែលអាចកែច្នៃ នូវកសិផលរបស់កម្ពុជា ដើម្បីយកទៅលក់នៅទីផ្សារកូរ៉េផង និងនៅលើទីផ្សារពិភពលោកផង ។
សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ចំណុចស្នូល នៃទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េ គឺពាណិជ្ជកម្ម និងការវិនិយោគនេះឯង ដូច្នេះតាមរយៈក្រុមអ្នកវិនិយោគរបស់កូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា នៅពេលនេះ នឹងជាឱកាសបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា ។
ជាមួយគ្នានេះសម្ដេចតេជោ បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនង រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពេលនេះ ជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ។សម្ដេចតេជោសង្ឃឹមថា ទៅថ្ងៃខាងមុខ ជាពិសេស នៅក្នុងឱកាសខួប៣០ឆ្នាំ នៃការបង្កើត ទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េឡើងវិញនោះ គឺប្រទេសទាំងពីរ នឹងអាចដើរដល់ជំហានមួយទៀត គឺការបង្កើតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយគ្នា ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យក្រុមអ្នកវិនិយោគរបស់សាធារណរដ្ឋកូរ៉េ ជាពិសេស ក្រុមអ្នកវិនិយោគរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មអ៊ីនឆន់ ទទួលបានឱកាសវិនិយោគ បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។
សូមជម្រាបថា កាលពីឆ្នាំ២០២៥ ទិន្នផលស្វាយចន្ទីសរុបទូទាំងប្រទេសមានចំនួន ១, ២លានតោន ក្នុងនោះមានគ្រាប់ស្វាយចន្ទីឆៅប្រមាណជាង ១លានតោន ដោយបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង ២៧ភាគរយ និងបានផ្ដល់ចំណូលដល់កម្ពុជាប្រមាណ ១,៥ ពាន់លានដុល្លារ ។ នេះបើតាមលោក អួន ស៊ីឡុត ប្រធានសមាគមចន្ទីកម្ពុជា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន AMS កាលពីពេលថ្មីៗនេះ ៕







ដោយ៖វណ្ណ លុក