សម្តេចធិបតីនាយករដ្ឋមន្រ្តីថា គម្រោងព្រែកជីកហ្វូណនតេជោ គឺមានតែចំណេញសម្រាប់សេដ្ឋកិច្ច
ត្បូងឃ្មុំ៖ ប្រាប់មហាជននៅខេត្តត្បូងឃ្មុំសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានពន្យល់អំពីគម្រោងព្រែកជីកហ្វូណនថា នឹងផ្ដល់ផលចំណេញសម្រាប់សេដ្ឋកិច្ចច្រើនណាស់នាពេលអនាគត ខណៈគម្រោងនេះនឹងបញ្ចប់សាងសង់នៅឆ្នាំ២០២៨ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ ។
ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃ ពុធទី២៧ ខែឧសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពន្យល់អំពីគម្រោងព្រែកជីកហ្វូណន ថា នឹងផ្ដល់ផលចំណេញ សម្រាប់សេដ្ឋកិច្ចច្រើនណាស់នាពេលអនាគត តាមរយៈការផ្ដល់លទ្ធភាពដល់ការដឹកជញ្ជូន ការប្រើប្រាស់ជាប្រព័ន្ធធារាសាស្ត្រ សម្រាប់វិស័យកសិកម្ម ដែលនៅតាមបណ្ដោយព្រែករាប់លានហិកតា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មបន្ថែម។
សម្ដេចធិបតី បញ្ជាក់ថា បើមើលរយៈពេលវែង គម្រោងព្រែកជីកហ្វូណន នេះ ផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺវា ចំណេញ ព្រោះវានឹងជួយដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងដឹកជញ្ជូន ដើម្បីធានានូវភាពប្រកួតប្រជែងរបស់កម្ពុជា ។
យោងតាមសម្តេចធិបតីគឺបន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រាល់ រាជរដ្ឋាភិបាល នឹងធ្វើការស្ដារប្រព័ន្ធផ្លូវទឹកបន្ថែម ដើម្បីតភ្ជាប់ព្រែកជីកនេះ ទៅតាមបណ្ដាខេត្តនានា ដូចជា ខេត្តកំពង់ឆ្នាំង ឬខេត្តក្រចេះ ដើម្បីជួយសម្រួលដល់វិស័យដឹកជញ្ជូន ជាពិសេសផលិតផលកសិកម្មនៅកម្ពុជា។
សម្តេចធិបតីមានប្រសាសន៍ថា ត្រូវតែធ្វើ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូល គឺជួយទៅដល់វិស័យកសិកម្ម វិស័យកសិ- ឧស្សាហកម្ម ជាពិសេសវិស័យដឹកជញ្ជូនរបស់យើង ដើម្បីធានានូវភាពប្រកួតប្រជែងរបស់យើង ។សម្ដេចថា” នេះគឺជាផលដែលខ្ញុំហ៊ាន ធានាថា អត់ខាតទេ ធ្វើព្រែកជីកហ្វូណននេះ គឺមានតែចំណេញ “។
គួរបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រទី១ របស់ប្រទេសកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពី ប្រជាពលរដ្ឋជាច្រើនម៉ឺន នាក់ផងដែរ។ គម្រោងនេះ គ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុន វិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ ។
គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្ររបស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ១០០ម៉ែត្រ ក្រោម៨០ម៉ែត្រ ជម្រៅទឹក ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២គន្លង។ ផ្លូវទឹកនេះ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប ៕
ដោយ៖វណ្ណលុក