លោក នេតាន់យ៉ាហ៊ូ បញ្ជាកងទ័ពអ៊ីស្រាអែល ឲ្យគ្រប់គ្រង៧០%នៃតំបន់ហ្គាហ្សា
ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រី ប្រទេស អ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានចេញបញ្ជាឲ្យកងទ័ព ទៅដណ្តើមយក ៧០ ភាគរយ នៃតំបន់ហ្គាហ្សាស្ទ្រីប។
លោកបាននិយាយ នៅក្នុងវីដេអូ ដែលថតដោយទូរទស្សន៍ Channel 12 និងចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា «នៅពេលនេះ ពួកយើងកំពុងគ្រប់គ្រងទាំងស្រុង លើ ៦០ភាគរយនៃទឹកដី Gaza Strip ហើយទាហានអ៊ីស្រាអែល ត្រូវបន្តទៅដល់ ៧០ភាគរយ ខណៈដែលការកាន់កាប់ពេញលេញ អាចនឹងកើតមានឡើងដែរ»។
បើតាម Al Jazeera, ដោយសារតែការកាន់កាប់ របស់កងទ័ពអ៊ីស្រាអែល, ប្រជាជនប៉ាឡេស្ទីនមិនអាចចូលទៅកាន់តំបន់ហ្គាហ្សា ប្រហែល ពីរ ភាគបី នៃទឹកដីនេះ បានទេ។ ការរឹបអូសយកទឹកដី បន្ថែមទៀត នឹងបង្ខំពួកគេចំនួន ពីរលាននាក់ ដែលរស់នៅក្នុងស្ថានភាពមហន្តរាយរួចហើយ ចូលទៅក្នុងទឹកដីដ៏តូចជាងនេះ បន្ទាប់ពីស៊ូទ្រាំ នឹងសង្គ្រាមប្រល័យពូជសាសន៍ រយៈពេលជាងពីរឆ្នាំ។
ទោះបីជាមានបទឈប់បាញ់ ដែលបានឈានដល់ កាលពីឆ្នាំមុនក៏ដោយ ក៏ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅហ្គាហ្សា បន្តកើតមាន ជាមួយនឹងការវាយប្រហារជារៀងរាល់ថ្ងៃ។ ចាប់ពីខែតុលាដល់ខែមេសា មានសេចក្តីរាយកការណ៍ថា អ៊ីស្រាអែល រំលោភបទឈប់បាញ់ យ៉ាងហោចណាស់ ២,៤០០លើក។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អាជ្ញាធរសុខាភិបាលបាននិយាយថា ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១០ នាក់ រួមទាំងកុមារ ៤ នាក់ និង ២០ នាក់ផ្សេងទៀតរងរបួស។
សង្រ្គាមបានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ពោលគឺនៅក្រោយពីមានការវាយប្រហារ លើភាគខាងត្បូង អ៊ីស្រាអែល ពី សំណាក់ក្រុមហាម៉ាស ដែលគ្រប់គ្រងហ្គាហ្សា។ នៅក្នុងសង្គ្រាមសងសឹកនេះ, អ៊ីស្រាអែល បានវាយសម្លាប់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់មួយនេះ ចំនួន ៧ម៉ឺន២ពាន់៧៧៥នាក់ ហើយ៕
ប្រភព ៖ Al Jazeera, ប្រែសម្រួល ៖ សារ៉ាត
