បេក្ខជន១ ១០៧នាក់ ប្រឡងចូលជាមន្រ្តីក្រសួងយុត្តិធម៌ ខណៈត្រូវការតែ៤៥កន្លែង
ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ និង ក្រសួងយុត្តិធម៌ បានរៀបចំការ ប្រឡង ប្រជែង ជ្រើសរើស មន្ត្រីរាជការ ឱ្យចូលបម្រើ ការងារក្នុងក្របខ័ណ្ឌក្រសួងយុតិ្តធម៌។ ការប្រឡងនេះ មាន បេក្ខជន ចូលរួម ចំនួន ១១០៧នាក់ ខណៈ ការជ្រើសរើស ត្រឹម ៤៥កន្លែង.
ដំណើរប្រឡងបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រទី២៩ ខែឧសភា នេះមានវត្តមានចូលរួមផ្ទាល់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្នុងការកញ្ចប់វិញ្ញាសា ។ការប្រឡងនេះក៏មានវត្តមាន អ្នកសង្កេតការណ៍ ពី អង្គភាព ប្រឆាំង អំពើ ពុករលួយ ផងដែរ។
ប្រាប់អ្នកសារព័តមាននៅក្រោយពេលកាត់វិញ្ញាសាប្រឡង ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់ថា ការរៀបចំការប្រឡងជ្រើសរើសមន្រ្តីរាជការសម្រាប់បម្រើក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលរៀបចំឡើងដោយក្រសួងមុខងារសារធារណៈ ឃើញថាធ្វើបានល្អ ប្រកបដោយសុក្រិត អាចជឿជាក់បាន។
សម្រាប់មន្រ្តីក្របខ័ណ្ឌដែលក្រសួងយុត្តិធម៌ ត្រូវជ្រើសរើសគឺ មន្រ្តីបច្ចេកទេសជំនាញខាងច្បាប់ ដោយផ្តោតលើជំនាញបីមាន ទី១.ព្រហ្មទណ្ឌ ទី២.រដ្ឋប្បវេណី និងទី៣ .អន្តរជាតិ ។បើទោះបីជាបេក្ខជនជ្រើសរើសយកជំនាញណាមួយក៏ដោយក៏បេក្ខជនត្រូវមានជំនាញបន្ទាប់បន្សំដែរ។
ដោយឡែកក្នុងឱកាសអញ្ជើញកាត់វិញ្ញាសាប្រឡង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា នៅក្នុងដៃរបស់ឯកឧត្តម ជាវិញ្ញាសាដែលទើបតែជ្រើសរើសមុននេះបន្តិច និងបានរៀបចំក្តៅៗ។ ដំណើរការនេះ គឺដើម្បីធានាបាននូវការប្រឡងប្រជែង ជាពិសេសការចេញវិញ្ញាសាមិនមាននណាម្នាក់ដឹងមុននោះទេ សូម្បីតែឯកឧត្តមខ្លួនឯង ដែលជាអ្នកជ្រើសរើសប្រធានវិញ្ញាសាក៏ដោយ។ ឯកឧត្តមបន្ថែមថា រាល់សន្លឹកកិច្ចការរបស់បេក្ខជន គឺមានហត្ថលេខារបស់លោកនៅគ្រប់សន្លឹកតែម្តង។
គួរជម្រាបថា ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុតិ្តធម៌ មានបេក្ខជនដាក់ពាក្យចូលរួមក្នុងប្រពន្ធ័សរុបចំនួន ២,៥២០នាក់ ក្នុងនោះអ្នកមានសិទ្ធប្រឡង ១,១០៧នាក់ ។ការប្រកាសលទ្ធផលនៃការប្រឡងគ្រោងនឹងធ្វើនៅថ្ងៃទី៥ ខែមិថុនា។វិញ្ញាសាប្រឡងមានចំនួន៥៖ដូចជា ១.វិញ្ញាសាសរសេររដ្ឋប្បវេណី, ២.វិញ្ញាសាសរសេរព្រហ្មទណ្ឌ, ៣.វិញ្ញាសាសរសេរទំនាក់ទំនងអន្តរជាតិ, ៤.វិញ្ញាសាពហុចម្លើយភាសាអង់គ្លេស និង ៥.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ៕








ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា