កម្លាំងរក្សាសន្តិភាព UN ជិតផុតអាណ្តិតនៅលីបង់ ខណៈជម្លោះជាមួយអ៊ីស្រាអែលកាន់តែរីកធំ

អ.ស.ប ៖ ប្រមុខ UN និយាយថា មានសារៈសំខាន់ណាស់ ក្នុងបន្តវត្តមានរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ ពោលគឺបន្ទាប់ពីក្រុម បច្ចុប្បន្ន ត្រូវចាកចេញពីប្រទេសនេះ ព្រោះផុតអាណត្តិ នៅចុងឆ្នាំ២០២៦។ ជាការលើកឡើង ចំពេលដែល លីបង់ កំពុងប្រឈមជម្លោះប្រដាប់អាវុធដ៏ស្រួចស្រាវ ជាមួយអ៊ីស្រាអែល។

បើតាម CNA, ការបញ្ជាក់ពីតួនាទីចាំបាច់នេះ ធ្វើឡើង នៅថ្ងៃតែមួយ ដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាឲ្យកងទ័ពរបស់ខ្លួន វាយលុកចូលជ្រៅដល់រដ្ឋធានីរបស់ប្រទេសលីបង់។ គូជម្លោះចាស់ទាំងពីរ បានផ្ទុះសង្គ្រាមដាក់គ្នា ជាថ្មី ចាប់តាំងពីថ្ងៃទី២ ខែមីនា ពោលគឺនៅពេលដែលក្រុម Hezbollah បានចាប់ផ្តើមបាញ់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្ត អ៊ីរ៉ង់ ដែលរងការវាយប្រហារស្រាក់ដៃគ្នា រវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

នៅក្នុងរបាយការណ៍មួយ ផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃចន្ទ, ប្រមុខអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើជម្រើស ៣ ដែលមានចាប់ពីចន្លោះជិត ២ពាន់នាក់ ទៅ ៥ពាន់៥០០នាក់ ដើម្បីតាមដានបទឈប់បាញ់ និង គាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់។

បើតាមរបាយការណ៍ដដែល, «នៅក្រោមជម្រើស ដែលបានស្នើឡើងទាំងអស់ វត្តមានរបស់អង្គការសហប្រជាជាតិឯកសណ្ឋាន ដែលធ្វើការដើម្បីជួយសម្រួល ដល់ការកាត់បន្ថយភាពតានតឹង, ការសន្ទនា, ទំនាក់ទំនង , ការសម្របសម្រួល ព្រមទាំង ការគាំទ្រសម្រាប់កងកម្លាំងប្រដាប់អាវុធលីបង់ គឺជាការចាំបាច់»។

កង UNIFIL គឺជាកម្លាំងរារាំងជម្លោះរវាងប្រទេសលីបង់ និងអ៊ីស្រាអែល តាំងពីឆ្នាំ១៩៧៨ ប៉ុន្តែ វត្តមានរបស់ខ្លួន មិនគ្រប់គ្រាន់ ដើម្បីការពារទប់ស្កាត់ ការផ្ទុះជម្លោះ ដដែលៗបាននោះទេ៕

ប្រភព ៖ CNA , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner