សម្តេច ហ៊ុន សែន អញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី០២មិថុនា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បន្ទាប់ពីអគារថ្មីនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែឧសភា ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។

ឯកឧត្តម គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានចាត់ទុកវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើកិច្ចការរបស់ជាតិរបស់សម្តេច ជាការផ្ដល់កិត្តិយស និងលើកទឹកចិត្ត ជាពិសេសលើវិស័យពន្ធដារ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលចំណូល ក៏ដូចជា ការលើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានា របស់រាជរដ្ឋាភិបាល ។

សមិទ្ធផលអគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែជានិមិត្តរូប នៃភាពរីកចម្រើនផ្នែករូបវន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញអំពីការរីកចម្រើន នៃសមត្ថភាពរបស់រដ្ឋបាលសារពើពន្ធ ក្នុងការបំពេញបេសកកម្មប្រមូលចំណូល និងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពឆ្លាតវៃ ។

បើតាមឯកឧត្តម គង់ វិបុល អគារថ្មីនេះ ត្រូវបានរៀបចំដោយមានការគិតគូរយ៉ាងល្អិតល្អន់ ដោយមានបំពាក់នូវឧបករណ៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការគ្រប់គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា សន្តិសុខនិងសុវត្ថិភាពរបស់អគារ គួបផ្សំជាមួយរចនាបថ និងស្នាដៃវប្បធម៌ខ្មែរយ៉ាងប្រណីត។ ជាងនេះ អគារនេះ ត្រូវបានរៀបចំដោយមានមុខងារ គ្រប់ជ្រុងជ្រោយ ដែលអាចបម្រើ ដល់គ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ទាំងការបំពេញការងារ ការមកទទួលសេវាពន្ធដារ និងការ ទទួលបានសេវាគាំទ្រ ពាក់ព័ន្ធផ្សេងៗទៀត ។

ឯកឧត្តម បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន គឺជាស្ថាបនិក នៃអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារនេះផ្ទាល់តែម្ដង ដែលសម្ដេច តែងតែផ្ដល់ការគាំទ្រ ជ្រោមជ្រែង ការពារ និងផ្ដល់នូវអនុសាសន៍គន្លឹះដែលមានខ្លឹមសារជ្រាលជ្រៅ ចាប់តាំងពីចំណុចដំបូង នៃការកែទម្រង់រដ្ឋបាលសារពើពន្ធ និងជាបន្ដបន្ទាប់ ដែលជាចំណុចសំខាន់ នៃការកែប្រែមុខមាត់ថ្មីរបស់រដ្ឋាបាលសារពើរពន្ធកម្ពុជា មកដល់បច្ចុប្បន្ន ។

មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ ដោយស្មោះចំពោះយុទ្ធសាស្ត្រ «យកស្លឹកត្នោត ខ្ចប់ស្ករត្នោត» ដែលជាជោគជ័យមួយ ហើយអាចនិយាយបានថា នេះជាអគារមួយដែលធំជាងគេ ក្នុងចំណោមស្ថាប័នរដ្ឋ ក្នុងប្រទេសកម្ពុជា ។

សម្ដេចតេជោ បានចាត់ទុកសមិទ្ធផលនេះ កើតចេញពីគំនិតផ្ដួចផ្ដើម និងការខិតខំរបស់ អគ្គនាយកដ្ឋានពន្ធដារ ដោយមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាការគាំទ្រផ្ទាល់ពីនាយករដ្ឋមន្ត្រី ។

សម្ដេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានប្រកាសយកទីតាំងអគារនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មី ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ការរៀបចំកិច្ចប្រជុំអន្តរជាតិមួយ នៃប្រធានព្រឹទ្ធសភា និងរដ្ឋសភាប្រមាណ ៤០ប្រទេសដែលនឹងរៀបចំឡើងនាពេលខាងមុខ ។

សម្ដេចតេជោ បានផ្ដល់យោបល់ជូនរាជរដ្ឋាភិបាល ឱ្យយកអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារនេះ ធ្វើជាទីកន្លែងសម្រាប់រៀបចំកិច្ចប្រជុំមួយ នៃកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី នាពេលខាងមុខ ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner