ស្ថានីយអាកាសយានដ្ឋានអន្តរជាតិតេជោជាប់លេខ៥លើលោក
អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026) តាមការវាយតម្លៃរបស់ Skytrax World Airport Awards ដោយផ្អែកលើវិសាលភាពពេញលេញនៃបរិក្ខារ, សេវាកម្មអាកាសយានដ្ឋាន ព្រមទាំងគុណភាពសេវាកម្មរបស់បុគ្គលិក, និងបទពិសោធន៍របស់អ្នកដំណើរ។
ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់អគារស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋាន ដែលបានដាក់ឱ្យដំណើរការក្នុងអំឡុងពេល១៨ខែមុនការប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ និងបានប្រកាសជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៦ (Skytrax World Airport Awards 2026) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។
ក្នុងចំណាត់ថ្នាក់ទី៥ ស្ថានីយអ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលអន្តរជាតិដ៏សំខាន់មួយ ដែលសបញ្ជាក់ច្បាស់ៗពីស្តង់ដានៃអាកាសយានដ្ឋានដែលទើបតែចាប់ផ្តើមប្រតិបត្តិការថ្មីៗនេះ ដូចអាកាសយានដ្ឋានដែលទើបនឹងអភិវឌ្ឍថ្មីៗនិងជឿនលឿនមួយចំនួនទៀតនៅទូទាំងពិភពលោក។
ចំណាត់ថ្នាក់កំពូលទាំង៥នៃពានរង្វាន់ “អគារស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦” មាន៖
១. អាកាសយានដ្ឋាន Aso Kumamoto ប្រទេសជប៉ុន
២. ស្ថានីយទី 3 អាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun ប្រទេសចិន
៣. ស្ថានីយទី 1 អាកាសយានដ្ឋានអន្តរជាតិ San Diego សហរដ្ឋអាមេរិក
៤. អាកាសយានដ្ឋានអន្តរជាតិ Navi Mumbai ប្រទេសឥណ្ឌា
៥. អាកាសយានដ្ឋានអន្តរជាតិ Techo ប្រទេសកម្ពុជា