សហរដ្ឋអាមេរិកចាប់ដៃសម្ព័ន្ធមិត្តណាតូ នឹងបញ្ចេញសាច់ដុំយោធានៅសមុទ្របាល់ទិក
រ៉ូស្តុក ៖ កងកម្លាំងមកពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ នឹងបញ្ចេញសាច់ដុំយោធារួមគ្នានៅសមុទ្របាល់ទិក ចាប់ពីថ្ងៃទី៤ ដល់២០ ខែមិថុនា ។ ប៉ុន្តែសមយុទ្ធយោធាឆ្នាំនេះ ធ្វើឡើងក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ។
មូលហេតុដែលល្បែងសង្គ្រាមលើកនេះ មានលក្ខណៈតូចជាងមុន គឺដោយសារតែកងនាវាជាច្រើន កំពុងជាប់ដៃក្នុងតំបន់ជម្លោះផ្សេងៗទៀត ជាពិសេសនៅច្រកសមុទ្រ ហ័រមូស និង តំបន់អាកទិក ។
យ៉ាងណា មន្រ្តីយោធាជាន់ខ្ពស់អាល្លឺម៉ង់ បានអះអាងថា ទោះបីជាទំហំតូចជាងមុន ប៉ុន្តែការបញ្ចេញសាច់ដុំយោធានេះ ធ្វើឡើងគឺដើម្បីផ្ញើសារបង្ហាញពីសាមគ្គីភាព និងភាពរឹងមាំទៅកាន់ប្រទេសរុស្ស៊ី ។
បើតាម Straits Times, សមយុទ្ធកងទ័ពជើងទឹក BALTOPS ដែលនឹងបើកដំណើរការរយៈពេល ១៦ថ្ងៃនេះ នឹងនៅតែជាល្បែងសង្គ្រាមដ៏ធំបំផុតនៅក្នុងសមុទ្របាល់ទិកក្នុងឆ្នាំ ២០២៦ ។
សមយុទ្ធប្រចាំឆ្នាំដែលធ្លាប់បានធ្វើឡើងជាង ៥ទសវត្សរ៍មកនេះទៀតសោត នឹងមានការចូលរួមពីនាវាប្រមាណ ២០គ្រឿង មកពី ១៥ប្រទេស ជាមួយនឹងកម្លាំងទ័ពជិត ៦,០០០នាក់ ដែលទំហំនេះគឺមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងសមយុទ្ធកាលពីឆ្នាំមុន ៕
ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា
