សម្តេចតេជោ ហ៊ុន សែន សុំទោសពលរដ្ឋ ចំពោះការទុកចិត្តគេពេក
បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសជាសាធារណៈចំពោះប្រជាពលរដ្ឋ នូវអ្វីដែលសម្ដេចបានបញ្ជាក់ថា«មិនបានត្រៀមខ្លួនដើម្បីការប្រយុទ្ធមួយ ព្រោះទុកចិត្តគេពេក» ក្នុងអំឡុងពេលដែលសម្ដេចនៅធ្វើជានាយករដ្ឋមន្ត្រី។សម្ដេចបន្ថែមថា សព្វាវុធមិនគ្រប់គ្រាន់ពេលនេះមិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ ។
មានប្រសាសន៍ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានលើកឡើងថា សម្ដេចដឹកនាំប្រទេសនេះ តាំងពីសង្គ្រាមបែកបាក់មួយមកជាប្រទេសដែលមានសន្តិភាពមួយពេញលេញ ។
សម្ដេចតេជោបានរម្លឹកពីតំបន់ស្វាយចេក បឹងត្រកួននាឆ្នាំ១៩៩០ ដែលកាលណោះនៅមានសង្គ្រាមហែកហួរគ្នា។ ប៉ុន្តែតាមរយៈនយោបាយឈ្នះឈ្នះ គឺយើងបានបង្កើតឱ្យមានស្ថានភាពនៃប្រទេសមួយ ដែលមានតំបន់ត្រួតត្រាមួយ។សម្ដេចតេជោបន្តថាសម្ដេចបានដាក់ចេញនូវគោលដៅ ២ ក្រោយបានឯកភាពទឹកដីហើយ ។ គោលដៅទី១ ប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ ដូចជា តំបន់ដែលយើងមានជាបឹងត្រកួន ជោគជ័យ ព្រៃចាន់ ជាដើម ឱ្យក្លាយទៅជាតំបន់ដែលមានការអភិវឌ្ឍ ។ គោលដៅទី២ គឺប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្ដេចតេជោ ក៏បានបន្តរម្លឹកថា កាលពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ មានហេតុការណ៍ប្រទូសរ៉ាយនៅព្រះវិហារ រហូតដល់ឧត្តរមានជ័យ។ ប៉ុន្តែមិនរីករាយដល់នៅទូទាំងប្រទេសទេ ហើយក៏មិនរីករាលដាលរហូតដល់វិស័យផ្សេងៗទៀតនោះដែរ ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថាដោយសារការជឿទុកចិត្តគេពេក ទើបសម្ដេចកាលណោះ ជានាយករដ្ឋមន្ត្រី មិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយទេ មិនប្រើប្រាស់លុយទៅទិញគ្រឿងសព្វាវុធ ដោយចង់បង្វែរលុយទៅកាន់វិស័យសង្គមកិច្ច សុខាភិបាល និងអប់រំ តែដល់ពេលមានបញ្ហានោះ បែរជាយុទ្ធភណ្ឌរបស់យើងវាមិនគ្រប់គ្រាន់។ និយាយឱ្យចំថា មិននឹកស្មានថា មានសង្គ្រាមឈ្លានពានមួយដែលរាលដាលនៅទូទាំងព្រំដែននោះទេ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សព្វាវុធមិនគ្រប់គ្រាន់ពេលនេះ មិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នឡើយ ៕


ដោយ៖វណ្ណលុក