កម្ពុជារួមគ្នាគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខា​ធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់​ថាបន្ទាប់ពីមន្ត្រីជំនាញរកឃើញសារធាតុគីមីផ្សំពាក់ព័ន្ធទៅនិងការផលិតផ្សេងៗ មាននៅទីតាំងកែច្នៃផលិតគ្រឿង ញៀននេះហើយទើប បង្កើនការប្រុងប្រយត្ន័ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការលួចបង្វែរសារធាតុគីមីផ្សំស្របច្បាប់យកទៅ​ទៅផលិតគ្រឿងញៀនខុសច្បាប់។

សិក្ខាសាលាស្តីពី «ការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួត​ពិនិត្យ​សារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការ​លួច​បង្វែរ​យក​ទៅផលិតគ្រឿងញៀនខុសច្បាប់»បានប្រារព្ធនៅព្រឹកថ្ងៃទី៩ ខែមិថុនា ។សិក្ខាសាលានេះមាន​ការពន្យល់ពីមន្រ្តីក្រុម​ការងារ​លើការនាំចូលនូវ​សាធាតុគីមី ដែលត្រូវមានការស្នើរសុំទៅតាមកម្រិត និងតម្រូវឱ្យមន្រ្តី​មានការត្រួតពិនិត្យមុននឹង​អនុញ្ញាត​ឱ្យនាំចូល។ក្នុងសិក្ខាសាលានេះដែរ ក៏មានកិច្ចពិភាក្សាដោយមានការចូលរួមពី​សំណាក់​មន្ត្រីជំនាញតំណាងក្រសួង ស្ថាប័ន ជាសមា​ជិកក្រុមការងារ​អន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និង​តំណាងមកពីបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស ក្នុងវិស័យ​ឧស្សាហកម្មដែលមានប្រតិបត្តិការពាក់ព័ន្ធនឹងសារធាតុគីមីផ្សំចំនួន១៧៦រូប។

ថ្លែងក្នុងសិក្ខាសាលានាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃ​អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
បញ្ជាក់​​ថា ការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រងត្រួតពិនិត្យ​សារធាតុគីមីផ្សំ ជាការឆ្លុះបញ្ចាំងពីការយកចិត្តទុក​ដាក់ខ្ពស់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងនាមក្រសួងជំនាញដែលមានតួនាទី ភារកិច្ចចម្បងក្នុងការគ្រប់គ្រងត្រួតពិនិត្យគ្រប់សកម្មភាព​ស្របច្បាប់​ពាក់ព័ន្ធនឹងការស្នើសុំនាំចូល ការចែកចាយ ការប្រើប្រាស់ និងការធ្វើ​សន្និធិសារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ​សហគ្រាស នៅក្នុង​វិស័យ​ឧស្សាហកម្ម ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារ ក៏ដូចជាការ​ចូលរួមដោះស្រាយបញ្ហាប្រឈមនានា​ពាក់ព័ន្ធ នឹងការចូលរួមអនុវត្ត​យន្តការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែសកម្ម ដើម្បីការពារ​សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈការ​ថែរក្សា​សុខុមាលភាពសង្គម និងប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍បានគូសរំលេចថា បច្ចុប្បន្នស្ថានភាពនិងនិន្នាការ​នៃការផលិត ការចរាចរ និងការប្រើប្រាស់គ្រឿងញៀន​សំយោគ​ទាំងនៅក្នុងតំបន់ និងនៅលើពិភពលោក កំពុងវិវត្តទៅមុខឥតឈប់​ឈរ មានលក្ខណៈកាន់តែស្មុគស្មាញទៅៗគួរ​ឱ្យព្រួយបារម្ភបំផុត។ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាននឹងកំពុងផ្លាស់ប្តូរទម្រង់ប្រតិបត្តិការ ដោយងាកមកប្រើប្រាស់បច្ចេកវិទ្យា​ទំនើបជឿនលឿន និងមានការកែច្នៃរូបមន្តគីមីផ្សំថ្មីៗ ដើម្បីផលិតគ្រឿងញៀនសំយោគ ដែលមានឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំង​ជាងមុនចំពោះសុខភាពមនុស្ស។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា និន្នាការដ៏គ្រោះថ្នាក់នេះបានធ្វើឱ្យ «សារធាតុគីមីផ្សំ» ក្លាយជាប្រធានបទដ៏ក្តៅ​គគុក និងជាគោលដៅចម្បងនៃការប៉ុនប៉ងលួចបង្វែរពីសំណាក់ក្រុមឧក្រិដ្ឋជន ក្នុងទម្រង់គ្រប់រូបភាព មិនថាការលួចលាក់ដឹក​ជញ្ជូនឆ្លងកាត់ព្រំដែនខុសច្បាប់ ឬការលួចលាក់បង្វែរពីសកម្មភាពប្រើប្រាស់ស្របច្បាប់ ឬការលួចលាក់ផលិតសារធាតុដើម (Pre-Precursor)យកទៅផលិតគ្រឿងញៀននោះឡើយ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner