ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អនុញ្ញាតជូន ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអនុញ្ញាតជូន ឯកឧត្តម Steven PANG Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការ ក.ប.ទ. ក្នុងឱកាសដែលឯកឧត្តមទើបទទួលបានការតែងតាំងបេសកកម្មការទូតថ្មីនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាន នាពេលកន្លងមក ជាពិសេសការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈថ្នាល DG SuperApp ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត និងការពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងការប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាពការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរចំពោះសមិទ្ធផលនានាដែលក្រសួងសម្រេចបាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានពិភាក្សាលើការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការរៀបចំបង្កើតសួនឌីជីថល ការជួយគាំទ្រគ្នាទៅវិញទៅមកលើការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងការរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ៖ង៉ាន់ ទិត្យ



