ថៃប្រឹងបង្អួតប្រាសាទតាក្របី និងភ្នំ៣៥០ ដែលឈ្លានពានបានពីកម្ពុជា
ប្រទេសថៃធ្វើមិនដឹងមិនលឺចំពោះការតវ៉ារបស់កម្ពុជា ដោយបន្តប្រកាសបើកឱ្យពលរដ្ឋខ្លួនចូលទៅទស្សនាប្រាសាទតាក្របី និងតំបន់ភ្នំ ៣៥០ របស់កម្ពុជា ដែលពួកគេឈ្លានពានយកទៅគ្រប់គ្រងដោយខុសច្បាប់។ បន្ទាប់ពីបើកឲ្យទេសចរថៃចូលទស្សនាកាលពីថ្ងៃទី៦-ទី៧ ខែមិថុនាកន្លងទៅ ប្រទេសថៃនឹងបើកតំបន់នេះជាថ្មីនៅចុងសប្តាហ៌នេះ។
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រសួងការបរទេស និងក្រសួងវប្បធម៌ កំពុងបន្តសហការគ្នាធ្វើការតវ៉ាយ៉ាងម៉ឺងម៉ាត់បំផុត ប្រឆាំងនឹងភាគីថៃដែលបានរំលោភបំពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈការយកតំបន់ប្រាសាទបុរាណរបស់ខ្មែរមកធ្វើជាសកម្មភាពទេសចរណ៍ និងការប្រារព្ធពិធីសាសនាផ្សេងៗទាំងខុសច្បាប់។
ថ្មីៗនេះ ក្រសួងវប្បធម៌កម្ពុជា បានតវ៉ាចំពោះករណីដែលកងទ័ពថៃបើកឲ្យទេសចរចូលទៅ «ប្រាសាទតាក្របី» និងតំបន់ភ្នំ៣៥០របស់កម្ពុជា ដោយខុសច្បាប់។ បើតាមក្រសួងវប្បធម៌ ប្រាសាទតាក្របី គឺជាទីតាំងបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រដែលស្ថិតនៅក្នុងដែនអធិបតេយ្យកម្ពុជា ដូចមានបញ្ជាក់ច្បាស់តាមសន្ធិសញ្ញា និងអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ព្រមទាំងលិខិតូបករណ៍ច្បាប់ពាក់ព័ន្ធ ដែលត្រូវបានទទួលស្គាល់ក្រោមច្បាប់អន្តរជាតិ។
ការរៀបចំសកម្មភាពសាធារណៈ ការទទួលភ្ញៀវទេសចរ និងការប្រមូលថ្លៃចូលទស្សនាដោយអាជ្ញាធរថៃនៅប្រាសាទតាក្របី គឺជាការអនុវត្តអំណាចដោយខុសច្បាប់លើទឹកដីកម្ពុជា និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សកម្មភាពទាំងនេះមិនអាចទទួលយកបានឡើយ ហើយនេះជាចេនតាបង្កើតភាពស្របច្បាប់នៃការគ្រប់គ្រងរដ្ឋបាលរបស់ភាគីថៃលើទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សង្កត់ធ្ងន់ថា សកម្មភាពទាំងនេះគ្មានអានុភាពផ្លូវច្បាប់ និងមិនអាចកែប្រែអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជាលើប្រាសាទតាក្របីបានឡើយ ហើយបានអំពាវនាវដល់រដ្ឋាភិបាលថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងអស់នេះ៕ ទួន សុផល









