សម្តេចតេជោ ហ៊ុន សែន សុំទោសពលរដ្ឋចំពោះការមិនបានត្រៀមសព្វាវុធគ្រប់គ្រាន់ ដោយសារផ្តល់អាទិភាពដល់ការអភិវឌ្ឍសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានថ្លែងសុំទោសប្រជាពលរដ្ឋ ចំពោះការមិនបានត្រៀមសម្ភារៈ និងយុទ្ធភណ្ឌការពារជាតិឱ្យបានគ្រប់គ្រាន់ក្នុងអំឡុងពេលដែលសម្តេចកាន់តំណែងជានាយករដ្ឋមន្ត្រី ដោយសារបានផ្តល់អាទិភាពដល់ការអភិវឌ្ឍប្រទេស និងការវិនិយោគលើវិស័យសង្គមកិច្ច សុខាភិបាល និងអប់រំ។
 
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលស្នាក់នៅបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
 
សម្តេចតេជោ ហ៊ុន សែន បានរំឭកថា កម្ពុជាបានឆ្លងកាត់ដំណាក់កាលសង្គ្រាម និងការបែកបាក់យ៉ាងយូរ មុននឹងឈានទៅរកសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ។ បន្ទាប់ពីសម្រេចបានឯកភាពជាតិ និងបង្រួបបង្រួមទឹកដី រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅសំខាន់ពីរ គឺទី១ ប្រែក្លាយអតីតសមរភូមិឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងទី២ ប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
 
សម្តេចតេជោក៏បានរំឭកដល់ព្រឹត្តិការណ៍ប្រទូសរ៉ាយនៅតំបន់ព្រះវិហារ និងឧត្តរមានជ័យ ក្នុងអំឡុងឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ ដោយបញ្ជាក់ថា ទោះបីមានការប៉ះទង្គិចកើតឡើងក៏ដោយ ក៏ស្ថានការណ៍មិនបានរីករាលដាលដល់ទូទាំងប្រទេស ឬប៉ះពាល់ដល់វិស័យផ្សេងៗនោះទេ។
 
សម្តេចតេជោបានមានប្រសាសន៍ថា ដោយសារបរិយាកាសសន្តិភាព ក្នុងអំឡុងពេលដឹកនាំរាជរដ្ឋាភិបាល សម្តេចមិនបានផ្តោតលើការបង្កើនការចំណាយទិញសព្វាវុធ និងយុទ្ធភណ្ឌយោធាច្រើននោះទេ។ ផ្ទុយទៅវិញ ថវិកាជាតិត្រូវបានបង្វែរទៅគាំទ្រវិស័យអាទិភាពដូចជា សង្គមកិច្ច សុខាភិបាល និងការអប់រំ។
 
សម្តេចបានទទួលស្គាល់ថា ការវាយតម្លៃស្ថានការណ៍បែបនោះ បានធ្វើឱ្យកម្ពុជាមិនមានអាវុធគ្រប់គ្រាន់នៅពេលប្រឈមនឹងបញ្ហាសន្តិសុខដែលកើតឡើងនៅតាមបណ្តោយព្រំដែន។ សម្តេចបញ្ជាក់ថា មិនធ្លាប់នឹកស្មានថា នឹងមានស្ថានភាពជម្លោះដែលអាចរាលដាលនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងកម្រិតបែបនេះឡើយ។
 
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសប្រជាពលរដ្ឋចំពោះការមិនបានត្រៀមខ្លួន​ដើម្បីប្រយុទ្ធ ដោយសារតែការ«ជឿទុកចិត្តគេពេក» ។ សម្តេចក៏បានបញ្ជាក់ផងដែរថា ការខ្វះខាតសព្វាវុធ និងយុទ្ធភណ្ឌនាពេលបច្ចុប្បន្ន មិនមែនជាកំហុសរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ននោះឡើយ ប៉ុន្តែជាផលប៉ះពាល់ពីការសម្រេចចិត្តរបស់សម្តេចនាពេលកន្លងមក៕

វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner