រដ្ឋមន្រ្តីបរិស្ថានណែនាំឲ្យប្តឹងអ្នកចោទប្រកាន់មន្រ្តីបរិស្ថានខេត្តកំពង់ស្ពឺរឿងពុករលួយ
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ឲ្យបន្តនីតិវិធីប្តឹងទៅតុលាការ ពាក់ព័ន្ធនឹងការចោទប្រកាន់មន្ទីរបរិស្ថាន២រូបថាបានទាមទារប្រាក់ពីក្រុមហ៊ុនផលិតដំណាប់ស្វាយមួយជាថ្នូរនឹងការបឹទបាំងព័ត៌មានអំពីការបំពល់បរិស្ថាន។
Read : ក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំឲ្យប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តនីតិវិធីទៅតុលាការពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ស្តីពីការទទួល ឬទារប្រាក់ពីក្រុមហ៊ុន HONG CHENG FANG DRIED MANGO PROCESSING FACTORY របស់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ២រូប គឺលោក ឈុន ឈៀងហេង ប្រធានការិយាល័យគាំពារបរិស្ថាន និងលោក ជួប ពន្លឺ មន្ត្រីជាប់កិច្ចសន្យា។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការស៊ើបអង្កេត ស្រាវជ្រាវ និងការប្រមូលព័ត៌មាន ព្រមទាំងការពិនិត្យឯកសារ និងភស្តុតាងពាក់ព័ន្ធដោយក្រុមការងារអធិការកិច្ច បានរកឃើញថា ករណីនេះ គឺពុំមានភស្តុតាងជាក់ស្តែងគ្រប់គ្រាន់ និងគួរឱ្យជឿទុកចិត្តណាមួយ សម្រាប់បញ្ជាក់ថា រឿងរ៉ាវបានកើតមានឡើងពិតប្រាកដដូចការចោទប្រកាន់នោះឡើយ។
ការពិនិត្យលើប្រភពព័ត៌មាន សក្ខីកម្ម ឯកសារពាក់ព័ន្ធ និងទិន្នន័យដែលប្រមូលបាន មិនបានបង្ហាញពីអង្គហេតុ ឬ មូលដ្ឋានច្បាស់លាស់ដែលអាចគាំទ្រដល់ការចោទប្រកាន់ក្នុងករណីនេះបានទេ។
ក្នុងន័យនេះ ដើម្បីរកការពិត និងភាពយុត្តិធម៌ដល់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង ២រូបខាងលើ ឯកឧត្តម អ៊ាង សុផល្លែត បានណែនាំដល់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ពិនិត្យកសាងសំណុំរឿងទៅតុលាការករណីបរិហារកេរ្តិ៍ ឬ ស្រាវជ្រាវករណីចោទប្រកាន់មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំង២រូប។
ជាងនេះទៅទៀត ទោះបីមិនមានភស្តុតាងពីពិរុទ្ធភាពក្តី ក៏ឯកឧត្តមរដ្ឋមន្រ្តីណែនាំឲ្យពិនិត្យដាក់សំណុំរឿងពាក់ព័ន្ធនឹងការទទួលប្រាក់ ឬទារប្រាក់ពីក្រុមហ៊ុនខាងលើទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
សូមបញ្ជាក់ថា កាលពីដើមខែមេសា ឆ្នាំ២០២៦នេះ ប្រធានការិយាល័យគាំពារបរិស្ថាន និងមន្ត្រីជាប់កិច្ចសន្យានេះ ត្រូវបានសារព័ត៌មានផ្សព្វផ្សាយថា បានទារប្រាក់ពីក្រុមហ៊ុនចិនខាងលើជាថ្នូរនឹងការមិនធ្វើរបាយការណ៍វាយតម្លៃលើការមិនបានគ្រប់គ្រងកាកសំណល់រាវក្នុងរោងចក្រកែច្នៃដំណាប់ស្វាយ ដែលមានទីតាំងនៅក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ការចុះផ្សាយនេះបានដកស្រង់ការបែកធ្លាយសារសំឡេងរបស់រដ្ឋបាលរោងចក្រ ដោយអះអាងថា មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទាំងពីររូប បានទារលុយរបស់ខ្លួនចំនួន ១ ៥០០ដុល្លារ តែក្រោយពីមានការចរចា បានព្រមព្រៀងគ្នាត្រឹម ៦០០ដុល្លារវិញ៕





ដោយ៖ម៉ាដេប៉ូ