អាកាសចរណ៍ជាតិចាប់ដៃជាមួយក្រុមហ៊ុនចិនពង្រីកផ្លូវហោះហើរ ​

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Hainan Airport Infrastructure ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធស្នូលរបស់ក្រុមហ៊ុន Hainan Development Holdings។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំផែនការជាដំណាក់កាល ក្នុងការពង្រីកបណ្តាញជើងហោះហើរដឹកជញ្ជូនអ្នកដំណើរតភ្ជាប់រវាងកម្ពុជា និងកោះហៃណាន ប្រទេសចិន ព្រមទាំងដាក់ឱ្យដំណើរការជើងហោះហើរឆ្លងដែនក្រោមគំនិតផ្តួចផ្តើម «សិទ្ធិសេរីភាពទី៥ និងទី៧ នៃលំហអាកាស» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិល និងវប្បធម៌-ទេសចរណ៍ទ្វេភាគី កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៨ មិថុនា រវាងលោកបណ្ឌិត Zhan David អនុប្រធាន និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន Air Cambodia និងលោក Li Guohong ប្រធានក្រុមហ៊ុន Hainan Development Holdings ព្រមទាំងការអញ្ជើញចូលរួមជាសាក្សីពីសំណាក់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ក្រុមហ៊ុន Hainan Airport Infrastructure គឺជាប្រតិបត្តិករព្រលានយន្តហោះខ្នាតធំរបស់រដ្ឋចិន ស្ថិតក្រោមក្រុមហ៊ុនធំ Hainan Development Holdings ដែលគ្រប់គ្រងព្រលានយន្តហោះចំនួន ១១ នៅទូទាំងខេត្តហៃណាន។ ក្រុមហ៊ុននេះកំពុងជំរុញការកសាងខេត្តហៃណាន ឱ្យក្លាយជា «មជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់» ដើម្បីតភ្ជាប់ការហោះហើររវាងមហាសមុទ្រប៉ាស៊ីហ្វីក និងមហាសមុទ្រឥណ្ឌា។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ទទួលបានការអនុម័តជាផ្លូវការក្នុងការប្រើប្រាស់ «សិទ្ធិសេរីភាពទី៧ នៃលំហអាកាស» សម្រាប់ជើងហោះហើរទៅ និងមក​កោះហៃណាន។ ឱកាសពិសេសនេះ បូករួមនឹងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិននាពេលខាងមុខ ត្រូវបានរំពឹងថា នឹងធ្វើឱ្យតម្រូវការធ្វើដំណើរ និងការផ្លាស់ប្តូរទេសចរទ្វេភាគីហក់ឡើងខ្ពស់។

Air Cambodia គ្រោងនាំចូលជាបន្តបន្ទាប់នូវយន្តហោះប្រភេទ COMAC C909 របស់ចិនចំនួន ២០គ្រឿង និងយន្តហោះជំនាន់ថ្មី Boeing 737 MAX របស់អាមេរិកចំនួន ២០គ្រឿង បន្ថែមទៀតចាប់ពីឆ្នាំនេះតទៅ ដើម្បីគាំទ្រដល់ការបើកច្រកហោះហើរថ្មីៗ។ លើសពីទៅទៀតនេះ កម្ពុជា-ចិននឹងបង្កើតយន្តការទំនាក់ទំនង ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្មដីគោក និងលើកកម្ពស់បទពិសោធន៍ធ្វើដំណើររបស់អ្នកអតិថិជន៕

ទួន សុផល

ads banner