ក្រសួងសុខាភិបាល និងស្ថានទូតអាមេរិករំលឹកខួប២០ឆ្នាំនៃកិច្ចសហការតាមដាន និងឆ្លើយតបជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជា
ក្រសួងសុខាភិបាល សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរៀបចំសន្និសីទស្តីពី «វឌ្ឍនភាពនៃការតាមដាន និងឆ្លើយតបទៅនឹងមេរោគផ្តាសាយ និងមេរោគផ្លូវដង្ហើមនៅកម្ពុជា» ក្នុងរយៈពេល ២០ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៦ ដើម្បីបង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កម្ពុជាក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងការបង្ការ ទប់ស្កាត់ជំងឺឆ្លង ជាពិសេសជំងឺផ្លូវដង្ហើម។
សន្និសីទនេះត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការតាមដាន ស្រាវជ្រាវ និងឆ្លើយតបទៅនឹងជំងឺឆ្លង។ សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (US-CDC)។
ការពិនិត្យឡើងវិញនូវសមិទ្ធផលកន្លងមក មិនត្រឹមតែជាឱកាសសម្រាប់អបអរសាទរជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់វាយតម្លៃបញ្ហាប្រឈម និងកំណត់ទិសដៅអនាគត ក្នុងការពង្រឹងការអង្កេតតាមដាន និងការត្រៀមខ្លួនឆ្លើយតបចំពោះជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមផ្សេងៗ ដែលអាចបង្កការរាតត្បាតទាំងនៅកម្ពុជា តំបន់ និងពិភពលោក។
ថ្នាក់ដឹកនាំបានបញ្ជាក់ថា ក្នុងបរិបទសន្តិសុខសុខភាពសកល គ្មានប្រទេសណាមួយអាចគេចផុតពីហានិភ័យនៃជំងឺឆ្លងបានឡើយ ប្រសិនបើជំងឺទាំងនោះកំពុងរាតត្បាតនៅប្រទេសដទៃ។ ជាក់ស្តែង ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ពីផលប៉ះពាល់ធ្ងន់ធ្ងរលើសុខភាព សង្គម និងសេដ្ឋកិច្ច ដែលបណ្តាប្រទេសជុំវិញពិភពលោកបានជួបប្រទះ។
ដើម្បីពង្រឹងការបង្ការ និងទប់ស្កាត់ជំងឺឆ្លង ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ ជាពិសេស US-CDC បានបង្កើត និងអភិវឌ្ឍប្រព័ន្ធតាមដានជំងឺផ្តាសាយជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីមេរោគកើតថ្មី និងមេរោគដែលកំពុងរាតត្បាតឡើងវិញ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានក្លាយជាតួអង្គសំខាន់មួយនៃយន្តការរបស់អង្គការសុខភាពពិភពលោក (WHO) ដោយបានចូលរួមស្វែងរក កំណត់អត្តសញ្ញាណ និងចែករំលែកព័ត៌មានអំពីមេរោគជាប្រចាំ ដើម្បីគាំទ្រការបង្ការ និងគ្រប់គ្រងជំងឺឆ្លងនៅថ្នាក់សកល។
បច្ចុប្បន្ន ប្រព័ន្ធតាមដានជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមរបស់កម្ពុជា បានពង្រីកវិសាលភាព និងបង្កើនសមត្ថភាពយ៉ាងខ្លាំង រួមទាំងការធ្វើរោគវិនិច្ឆ័យដោយបច្ចេកវិទ្យាម៉ូលេគុល ការវិភាគហ្សែន និងការគ្រប់គ្រងទិន្នន័យសុខាភិបាលកាន់តែមានប្រសិទ្ធភាព។ បទពិសោធន៍កន្លងមកបានបង្ហាញថា ប្រព័ន្ធតាមដានជំងឺដ៏រឹងមាំ អាចជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ការពារសហគមន៍ ពង្រឹងសន្តិសុខសុខភាព និងគាំទ្រដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងចំណោមជំងឺធ្ងន់ធ្ងរជាច្រើន ជំងឺផ្លូវដង្ហើមគឺជាប្រភេទជំងឺដែលអាចរាតត្បាតបានលឿនបំផុត។ ដើម្បីពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបជំងឺផ្លូវដង្ហើមឱ្យកាន់តែមានប្រសិទ្ធភាព ឯកឧត្តមបានណែនាំឲ្យវិទ្យាស្ថានជាតិសុខភាពសាធារណៈ បន្តពង្រីក និងធ្វើទំនើបកម្មសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីរកឃើញមេរោគថ្មីៗ និងតាមដានការវិវត្តរបស់វីរុសឱ្យបានទាន់ពេលវេលា។
ជាងនេះទៅទៀត ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលជំនាញជាបន្តបន្ទាប់ ដើម្បីធានាថា កម្ពុជាមានកម្លាំងជំនាញគ្រប់គ្រាន់សម្រាប់ប្រឈមនឹងការគំរាមកំហែងសុខភាពនាពេលអនាគត៕








