សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកបណ្តោះអាសន្នឃុំស្លក្រាមថា ជា”ភូមិរង់ចាំ”
បន្ទាយមានជ័យ៖ក្នុងឱកាសសំណេះសំណាលជាមួយជនភៀសសឹកជាង ៣ពាន់នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីបានប្រសិទ្ធនាមឈ្មោះថ្មីដល់ មណ្ឌលជនភៀសសឹកបណ្តោះអាសន្ននោះថា ជា “ភូមិរង់ចាំ “។
កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់មណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងផ្តល់អំណោយជូនជនភៀសសឹកចំនួន ៣.៣១៨គ្រួសារដែលកំពុងស្នាក់នៅទីនោះ។នៅទីនោះសម្ដេចតេជោ បានកត់សម្គាល់ដោយភ្ញាក់ផ្អើលចំពោះរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សតាមរយៈគណៈកម្មការចំពោះកិច្ច ដែលមានឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ជាប្រធាន និងក្រុមការងារដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។សម្ដេចតេជោបញ្ជាក់ថា នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា សម្ដេចចង់ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកឃុំស្លក្រាម ថា “ភូមិរង់ចាំ”។
សម្ដេចបានពន្យល់ថា ការបង្កើត «ភូមិរង់ចាំ» គឺដើម្បីផ្ដល់ទីស្នាក់នៅ និងសម្រួលជីវភាពប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានការណ៍តាមតំបន់ព្រំដែន ប៉ុន្តែមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជាបោះបង់ចោលការទាមទារ និងការពារបូរណភាពទឹកដីរបស់ខ្លួននោះឡើយ ។
សម្ដេចប្រមុខរដ្ឋស្ដីទី បានគូសបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណា ដែលកើតឡើងដោយការប្រើប្រាស់កម្លាំង ឬការឈ្លានពាន និងកាន់កាប់ដោយឯកតោភាគីនោះទេ ។ ពោល គឺ នៅក្នុងទំនាក់ទំនងអន្តរជាតិ និងតាមគោលការណ៍ច្បាប់អន្តរជាតិ នឹងមិនមានការទទួលស្គាល់ការកាន់កាប់ទឹកដីដោយប្រើកម្លាំងនោះឡើយ ។
ជាមួយគ្នានេះ សម្ដេចតេជោបានអះអាងសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ តាមគ្រប់មធ្យោបាយទាំងអស់ ដោយស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។
តាមរបាយការណ៍ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មកទល់ពេលនេះ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្នមានចំនួន៣.៣១៨គ្រួសារ ក្នុងនោះមានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំនួន១៤៥គ្រួសារ ដោយផ្តល់ដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ក្នុង១គ្រួសារ ទំហំផ្ទះ ៥ម៉ែត្រ គុណ ៧ម៉ែត្រ លើផ្ទៃដីចំនួន ៤០០ហិកតា ដោយដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន ១១៣ហិកតា ។
គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសានិងមកដល់ពេលនេះ ការសាងសង់ផ្ទះដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន២ ៨០៥ខ្នង។ ក្រុមការងារបានរៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និងដីសម្រាប់ធ្វើកសិកម្មដែលទទួលខុសត្រូវដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕




ដោយ៖វណ្ណលុក