ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេសមកទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគ

លោក Matt Western MP ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

លោក Matt Western MP ថ្លែងនៅមុនដំណើរទស្សនកិច្ចនេះថា ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍន៍តិចតួច នេះគឺជាឱកាសពិតប្រាកដមួយក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ ពង្រឹងភាពជាដៃគូផ្នែកជំនាញ និងការអប់រំ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មកម្ពុជា។

លោកបានថ្លែងបន្តថា ចក្រភពអង់គ្លេសមានមោទនភាពក្នុងការធ្វើការជាមួយកម្ពុជានៅក្នុងវិស័យសក្តានុពល ហើយប្រទេសទាំងពីរមានមហិច្ឆតាស្របគ្នា ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធបៃតង, សេវាកម្មហិរញ្ញវត្ថុ និងទីផ្សារមូលធន, និងការអប់រំ។ វិស័យទាំងនេះមានសក្តានុពលក្នុងការទ្រទ្រង់កំណើនប្រកបដោយនិរន្តរភាព បង្កើតការងារ ទាក់ទាញការវិនិយោគ និងដោះសោភាពរុងរឿងរយៈពេលវែង។

ធុរកិច្ចរបស់អង់គ្លេសបានចូលរួមចំណែកជាវិជ្ជមាននៅទូទាំងប្រទេសរួចហើយ ហើយវានៅតែមានសក្តានុពលធំធេងក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ខណៈពេលដែលកម្ពុជាកំពុងអភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។

លោកបានថ្លែងថា ក្នុងដំណើរទស្សនៈកិច្ចនេះ លោកនឹងជួបជាមួយថ្នាក់ដឹកនាំ និយតករ ធុរជន និងអ្នកអប់រំកម្ពុជា ដើម្បីស្វែងយល់ពីវិធីសាស្រ្តពង្រឹងភាពជាដៃគូ, បើកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ, និងគាំទ្រដល់ជំហានបន្ទាប់នៃភាពរីកចម្រើនរបស់កម្ពុជា។

តាមគម្រោង លោក Matt Western MP នឹងជួបជាមួយមេដឹកនាំជាន់ខ្ពស់កម្ពុជា រួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner