សម្តេចតេជោ ហ៊ុន សែន កែតម្រូវការផ្សាយរបស់សារព័ត៌មានថៃអំពីជំហរកម្ពុជាក្នុងរឿងព្រំដែន
សៀមរាប៖ ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីមូលដ្ឋានមកពីខេត្តសៀមរាប និងឧត្តរមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចខុសពីការពិត ជុំវិញជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ។
សម្តេចតេជោបានលើកឡើងថា កាលពីនៅបន្ទាយមានជ័យ សម្តេចបានលើកឡើងពីជម្រើសចំនួនពីរឲ្យជនរួមជាតិពិចារណាប៉ុណ្ណោះ ដោយជម្រើសទី១ គឺប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្តើមយកទឹកដី ដែលថៃដណ្តើមកាន់កាប់ត្រឡប់មកវិញ និងជម្រើសទី២ គឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមរយៈយន្តការច្បាប់អន្តរជាតិ។ ក្នុងចំណោមជម្រើសទាំងពីរនេះ សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជាមិនត្រូវការប្រើកម្លាំងយោធាឡើយ គឺជ្រើសយកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ធ្វើការកែតម្រូវចំពោះការចុះផ្សាយព័ត៌មានមិនពិត ដោយត្រូវដកស្រង់ប្រសាសន៍របស់សម្តេចឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។ ទន្ទឹមនឹងនេះ សម្តេចបានសម្តែងក្តីសង្ឃឹមថា អ្នកនយោបាយថៃនឹងមានការពិចារណាគ្រប់ជ្រុងជ្រោយ ដោយមិនជឿលើព័ត៌មានខុសការពិត ដែលបង្កើតឡើងដោយសារព័ត៌មានទាំងនោះឡើយ។
ជាមួយគ្នានេះដែរ សម្តេចតេជោ បានចោទសួរអំពីចេតនាពិតប្រាកដនៃការផ្សព្វផ្សាយដែលថា សម្តេចគាំទ្រការប្រើប្រាស់យន្តការពីររួមគ្នា គឺទាំងវិធានការយោធា និងសន្តិវិធី ដោយសម្តេចបានអំពាវនាវឱ្យអ្នកសារព័ត៌មានថៃ ពិនិត្យមើលការផ្សាយខុសឆ្គងរបស់ខ្លួនឡើងវិញ៕





វណ្ណលុក