ជម្លោះពិភពលោកស្ទុះឡើងដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២
អូស្លូ ៖ ចំនួនជម្លោះប្រដាប់អាវុធ ដែលកំពុងកើតឡើងនៅទូទាំងពិភពលោក កាលពីឆ្នាំ ២០២៥ បានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី ២ ឆ្នាំ ១៩៤៦ ។
យោងតាមរបាយការណ៍ជម្លោះប្រចាំឆ្នាំរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអូស្លូ ហៅកាត់ (PRIO) បានឲ្យដឹងថា ឆ្នាំមុន ជម្លោះចំនួន ៦៥ ត្រូវបានកត់ត្រានៅទូទាំងពិភពលោក ។ របាយការណ៍ដដែលបញ្ជាក់ថា ២០២៥ គឺជាឆ្នាំដែលមានអ្នកស្លាប់ច្រើនបំផុតទី ៣ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់ ពោលមានអ្នកស្លាប់ប្រហែល ២៤ ម៉ឺន ៥ ពាន់នាក់ ។
អ្នកស្លាប់ទាំងនេះ ភាគច្រើនត្រូវបានជំរុញដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន អំពើហិង្សានៅស៊ូដង់ និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់ ក្នុងនោះជិត ៧ ម៉ឺន ៦ ពាន់ ៥០០នាក់ ត្រូវបានស្លាប់ ដោយសារការវាយប្រហារដែលកំណត់គោលដៅដោយផ្ទាល់លើជនស៊ីវិល ។ តួលេខនេះ កើនឡើងខ្លាំង បើធៀបនឹងឆ្នាំ ២០២៤ ដែលមានត្រឹមតែ ១ ម៉ឺន ៤ ពាន់ ២០០ នាក់ប៉ុណ្ណោះ ។
អ្នកស្រាវជ្រាវជាន់ខ្ពស់របស់វិទ្យាស្ថាន PRIO លោកស្រី Siri Aas Rustad បានប្រាប់អ្នកយកព័ត៌មានថា វាជារឿងគួរឲ្យសោកស្ដាយណាស់ដែលបានដឹងពីទិន្នន័យនេះ ។
បើតាម DW, ជម្លោះរវាងរដ្ឋ និងរដ្ឋក៏បានឈានដល់កម្រិតខ្ពស់បំផុតថ្មីផងដែរ ក្នុងរយៈពេល ៨០ ឆ្នាំ ដោយកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន ពោលគឺឡើងដល់ទៅ ៨ ដង ។
ក្នុងនោះ រួមមានទាំងការប៉ះទង្គិចគ្នាតាមព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន, អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន និងប្រតិបត្តិការយោធារបស់ អ៊ីស្រាអែលនៅស៊ីរីជាដើម ៕
ប្រភព ៖ DW ប្រែសម្រួល ៖ ឈឹម ទីណា