វាលស្មៅជុំវិញបឹងទន្លេសាបជាទីជម្រកចុងក្រោយបង្អស់ទ្រទ្រង់សត្វខ្សឹបជិត៨០% នៃពិភពលោក
តំបន់ដីសើមនៃវាលទំនាបបឹងទន្លេសាប បានក្លាយជាទីជម្រកចុងក្រោយបង្អស់សម្រាប់ការរស់រានរបស់ «សត្វខ្សឹប» ដែល ជាប្រភេទបក្សីកំពុងរងការគំរាមកំហែងជិតផុតពូជបំផុតនៅលើពិភពលោក។
អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS)នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦បានឱ្យដឹងថា ខណៈចំនួនសរុបនៃពូជបក្សីនេះនៅលើសកលលោកបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តំបន់វាលស្មៅធម្មជាតិជុំវិញបឹងទន្លេសាបបែរជាអាចទ្រទ្រង់ចន្លោះពី ៧០ ទៅ ៨០ភាគរយ នៃចំនួនសត្វខ្សឹបសរុបនៅលើពិភពលោក។ ក្រៅពីកម្ពុជា បច្ចុប្បន្នសត្វខ្សឹបនេះមានវត្តមានក្នុងចំនួនដ៏តិចតួច និងដាច់ដោយឡែកពីគ្នានៅក្នុងប្រទេសឥណ្ឌា និងណេប៉ាល់តែប៉ុណ្ណោះ។
អង្គការ WCS ប្រចាំកម្ពុជា ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្ត និងសហគមន៍មូលដ្ឋាន បានរួមគ្នាធ្វើជំរឿនសត្វខ្សឹបប្រចាំឆ្នាំចាប់តាំងពីឆ្នាំ២០០៣មក។ការតាមដានរយៈពេលវែងនេះធ្វើឡើងនៅក្នុងទីតាំងជាច្រើនដែលត្រូវបានកំណត់ជា «តំបន់ការពារសត្វខ្សឹប» ទាំងនៅផ្នែកខាងជើង និងខាងត្បូងនៃបឹងទន្លេសាប។
សម្រាប់ឆ្នាំ២០២៦ នេះ ចាប់ពីខែមីនា ដល់ខែមិថុនា ក្រុមអ្នកអភិរក្សបានចុះបំពេញបេសកកម្មនៅលើវាលទំនាបដើម្បីធ្វើជំរឿនប្រចាំឆ្នាំ។ អំឡុងពេលនេះ គឺចំពេលរដូវបន្តពូជ ដែលសត្វខ្សឹបឈ្មោលមានសកម្មភាពយ៉ាងខ្លាំងក្នុងការរាំពត់ពេនបង្អួតរោមដើម្បីទាក់ទាញញី ដែលជាឱកាសល្អអនុញ្ញាតឱ្យក្រុមការងារអាចកំណត់រាប់ចំនួនរបាយសត្វ និងវាយតម្លៃលើប្រសិទ្ធភាពរយៈពេលវែងនៃយុទ្ធសាស្ត្រអភិរក្ស។
ទីតាំងស្នូលដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ទោះបីជាសត្វខ្សឹបមានរស់នៅក្នុងតំបន់វាលស្មៅជុំវិញបឹងទន្លេសាបក៏ដោយ ប៉ុន្តែ «តំបន់អភិរក្សសត្វខ្សឹបស្ទោង» ដែលស្ថិតនៅក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ គឺជាទីតាំងដែលមានវត្តមានសត្វខ្សឹបរស់នៅច្រើនជាងគេបំផុត។
តំបន់អភិរក្សសត្វខ្សឹបស្ទោង ខេត្តកំពង់ធំ គឺជាផ្នែកមួយនៃតំបន់ការពារទេសភាពទំនាបបឹងទន្លេសាបខាងជើង ដែលត្រូវបានដាក់ជាតំបន់ការពារដោយក្រសួងបរិស្ថាន ក្នុងឆ្នាំ២០១៦ ហើយក៏ជាទីជម្រកវាលស្មៅចុងក្រោយដែលនៅសេសសល់សម្រាប់សត្វខ្សឹបប្រភេទនេះផងដែរ៕






ដោយ៖ ម៉ាដេប៉ូ