កូរ៉េខាងត្បូង ប្រកាសពង្រឹងសមត្ថភាពការពារជាតិ កាត់បន្ថយពឹងផ្អែកលើ អាមេរិក

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និយាយថា ការពឹងផ្អែកជាប្រពៃណីរបស់កូរ៉េខាងត្បូងលើសហរដ្ឋអាមេរិក សម្រាប់វិស័យការពារជាតិ លែងសមស្របទៀតហើយ ដូច្នេះកូរ៉េខាងត្បូងនឹងប្រឹងប្រែងក្លាយជាដៃគូ ដែលមានសមត្ថភាពការពារជាតិពឹងផ្អែកលើខ្លួនឯងវិញម្តង ។

លោក Lee បាននិយាយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីតាលី Corriere della Sera ដែលចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក នៅតែជា “អ័ក្សមូលដ្ឋាន” នៃការទូតរបស់កូរ៉េខាងត្បូង ប៉ុន្តែការពង្រឹងសមត្ថភាពស្វយ័តរបស់ទីក្រុងសេអ៊ូល គឺជារឿងចាំបាច់ ដើម្បីធ្វើទំនើបកម្មសម្ព័ន្ធភាព ។

ប្រធានាធិបតីកូរ៉េខាងត្បូងមានវ័យ៦២ឆ្នាំរូបនេះបន្ថែមថា សមត្ថភាពស្វយ័តមានន័យថា ការក្លាយជាដៃគូដែលគួរឱ្យទុកចិត្ត ដែលអាចទទួលខុសត្រូវចំពោះការការពាររបស់ខ្លួន ដោយមិនពឹងផ្អែកលើសម្ព័ន្ធមិត្ត ។

លោកថា ក្រៅពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូងក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប ក្នុងវិស័យផលិតកម្មបច្ចេកវិទ្យាខ្ពស់ និងខ្សែសង្វាក់ផ្គត់ផ្គង់យុទ្ធសាស្ត្រផងដែរ ។

បើតាម Anadolu, កូរ៉េខាងត្បូង គឺជាសម្ព័ន្ធមិត្តចំណាស់ជាងគេ និងជិតស្និទ្ធបំផុតមួយរបស់សហរដ្ឋអាមេរិក ដោយមានទាហានអាមេរិកប្រហែល ២៨.០០០ នាក់ ឈរជើងនៅលើឧបទ្វីបកូរ៉េ ក្រោមសន្ធិសញ្ញាការពារជាតិទៅវិញទៅមក រវាងទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner