កម្ពុជាប្រាប់ ADB ពីការប្រឹងប្រែងអភិវឌ្ឍថាមពលស្អាត ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ការធានាសន្តិសុខថាមពលមិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេស ឬបញ្ហាវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសសហគ្រាសធុនតូចនិងមធ្យម (SME) វិស័យកសិកម្ម វិស័យកាត់ដេរ អ្នកបើកបររ៉ឺម៉កកង់បី និងគ្រួសារងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីការប្រែប្រួលតម្លៃប្រេង និងថាមពល។
ការលើកឡើងនេះធ្វើឡើងក្នុងសុន្ទរកថាគន្លឹះរបស់ឯកឧត្តមក្នុងវេទិកាអន្តរជាតិស្តីពីសន្តិសុខថាមពល និងអន្តរកាលថាមពលប្រកបដោយចីរភាព ដែលធ្វើឡើងនៅថ្ងៃទី១១មិថុនា នៅទីស្នាក់ការកណ្តាលធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលងាយរងផលប៉ះពាល់ពីការកើនឡើងតម្លៃប្រេងនៅលើទីផ្សារពិភពលោក ដោយសារតែវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិនៅតែពឹងផ្អែកលើថាមពលនាំចូល។ វិស័យកសិកម្មដែលប្រើកម្លាំងពលកម្មមួយភាគបីនៃកម្លាំងពលកម្មសរុបរបស់កម្ពុជា ពឹងផ្អែកយ៉ាងខ្លាំងលើជីកសិកម្មនាំចូល ខណៈឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ និងវិស័យទេសចរណ៍ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ក៏ទទួលរងឥទ្ធិពលពីការប្រែប្រួលតម្លៃថាមពលផងដែរ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការធ្វើពិពិធកម្មប្រភពថាមពល និងការវិនិយោគលើថាមពលស្អាត។ បច្ចុប្បន្ន អគ្គិសនីជាង ៦០ភាគរយរបស់កម្ពុជា ផលិតចេញពីប្រភពថាមពលស្អាត និងកកើតឡើងវិញ ហើយរាជរដ្ឋាភិបាលកំណត់គោលដៅបង្កើនសមាមាត្រនេះឱ្យដល់ ៧០ភាគរយនៅឆ្នាំ២០៣០។
ជាមួយគ្នានេះ កម្ពុជាក៏កំពុងអភិវឌ្ឍគម្រោងស្តុកថាមពល និងប្រព័ន្ធបណ្តាញអគ្គិសនីទំនើប ដើម្បីធានាថាអគ្គិសនីមានស្ថិរភាព តម្លៃសមរម្យ និងអាចឆ្លើយតបនឹងតម្រូវការដែលកំពុងកើនឡើង។
ក្នុងចំណោមវិធានការដែលផ្តោតលើប្រជាពលរដ្ឋដោយផ្ទាល់ ឯកឧត្តម កែវ រតនៈ បានលើកឡើងពីមូលនិធិហិរញ្ញប្បទានការប្រាក់ទាបសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ ADB ដើម្បីជួយឱ្យអាជីវកម្មក្នុងស្រុកអាចវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពល និងបង្កើនប្រសិទ្ធភាពផលិតកម្ម។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និង ADB ក្នុងការស្វែងរកដំណោះស្រាយជាក់ស្តែងសម្រាប់អ្នកបើកបររ៉ឺម៉កកង់បី ដែលរងសម្ពាធពីការឡើងថ្លៃប្រេងឥន្ធនៈ។ ការជំរុញការប្រើប្រាស់រ៉ឺម៉កកង់បីអគ្គិសនី ត្រូវបានចាត់ទុកថាជាជម្រើសមួយដែលអាចជួយកាត់បន្ថយចំណាយប្រចាំថ្ងៃ និងបង្កើនប្រាក់ចំណូលដល់អ្នកបើកបរ៕