ក្រសួងពាណិជ្ជកម្ម ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.) – Cambodia Trade Enterprise (CTE)»

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក.)» ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូប។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើរបស់ក្រុមហ៊ុនហ្គ្រីនត្រេដ រយៈពេលប្រមាណ ៣០ឆ្នាំកន្លងមក ក្នុងការរក្សាស្ថិរភាពសន្តិសុខស្បៀង និងការរក្សារលំនឹងទីផ្សារក្នុងគ្រាលំបាក (ដូចជាអំឡុងកូវីដ-១៩ និងពលរដ្ឋភៀសសឹក)។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្តថា ការបង្កើត (ស.ព.ក. – CTE) គឺជាការឆ្លើយតបប្រកបដោយភាពបត់បែន និងទុករយៈពេលវែង ហើយការបង្កើតនេះ មិនមែនក្នុងគោលបំណងប្រកួតប្រជែង ឬជំនួសតួនាទីរបស់វិស័យឯកជននោះទេ ប៉ុន្តែ ស.ព.ក. – CTE នឹងដើរតួជា “ដៃគូយុទ្ធសាស្ត្រប្រកបដោយថាមវន្ត” ដើម្បីបើកផ្លូវទៅរកកាលានុវត្តភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យឯកជនកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បន្ថែមថា ការប្រកាសដាក់ឱ្យដំណើរការ ស.ព.ក. – CTE នាពេលនេះ ក៏ជាផ្នែកមួយនៃការអនុវត្តចក្ខុវិស័យជាយុទ្ធសាស្ត្រ «ឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» តាមរយៈនិម្មាបនកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦-២០២៨ លើការងារស្នូលទាំង ៣ គឺ៖ បរិវត្តកម្មស្ថាប័ន ពាណិជ្ជកម្មក្នុងប្រទេស និងពាណិជ្ជកម្មអន្តរជាតិ។ ជាមួយគ្នានេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ថ្វីត្បិតតែអង្ករនៅតែជាទំនិញយុទ្ធសាស្ត្រដ៏ចម្បង CTE នឹងពង្រីកវិសាលភាពអន្តរាគមន៍ និងការស្វែងរកឱកាសទីផ្សារអន្តរជាតិលើកសិផលសក្តានុពលដទៃទៀត ព្រមទាំងផលិតផលសរីរាង្គ និងកសិផលកែច្នៃផ្សេងៗទៀត សំដៅបង្កើនតម្លៃបន្ថែមក្នុងស្រុក និងពង្រីកការនាំចេញ។

ដើម្បីធានាឱ្យសហគ្រាសសាធារណៈដ៏ទំនើបមួយនេះ អនុវត្តតួនាទីភារកិច្ច ឱ្យមានប្រសិទ្ធភាព និងចំទិសដៅ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ណែនាំដូចខាងក្រោម៖
១. លើកទឹកចិត្ត ស.ព.ក. – CTE ឱ្យបង្កើនកិច្ចសហការជិតស្និទ្ធជាមួយកសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម (SMEs) និងវិនិយោគិន។
២. លើកទឹកចិត្ត ស.ព.ក. – CTE ឱ្យប្រកាន់ខ្ជាប់គោលការណ៍ស្នូល៖ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ផ្អែកលើភាពជាដៃគូ និងប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ តម្លាភាព និងវិជ្ជាជីវៈខ្ពស់។
៣. លើកទឹកចិត្ត ស.ព.ក. – CTE សហការជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីតាមដាននិន្នាការទីផ្សារ និងរៀបចំយុទ្ធសាស្ត្រជ្រៀតចូលទីផ្សារអន្តរជាតិថ្មីៗ។
៤. លើកទឹកចិត្ត ស.ព.ក. – CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយវិស័យឯកជនក្នុងដំណើរការចរចា និងទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់។
៥. លើកទឹកចិត្ត ស.ព.ក. – CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ បង្កើតប្រព័ន្ធតាមដានតម្លៃទីផ្សារក្នុងនិងក្រៅប្រទេសឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមវិធានការអន្តរាគមន៍ទីផ្សារបានទាន់ពេលវេលា ការពារជីវភាពប្រជាពលរដ្ឋ។
៦. លើកទឹកចិត្ត ស.ព.ក. – CTE បន្តចូលរួមយ៉ាងសកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ដោយដើរតួជាអ្នកសម្របសម្រួលតំណាងឱ្យវិស័យឯកជនកម្ពុជា ក្នុងការចរចាកិច្ចសន្យាផ្គត់ផ្គង់កសិផលកម្រិត «រដ្ឋាភិបាលទៅរដ្ឋាភិបាល» ជាមួយប្រទេសបញ្ជាទិញធំៗ។
៧. លើកទឹកចិត្ត ស.ព.ក. – CTE ឱ្យពិចារណាសិក្សាលទ្ធភាពវិនិយោគលើឃ្លាំងស្តុក និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃ ដើម្បីកាត់បន្ថយហានិភ័យទីផ្សារ និងធានាចីរភាពនៃការផ្គត់ផ្គង់។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការអបអរសាទរ និងផ្តល់ការលើកទឹកចិត្តដល់ ឯកឧត្តម លោក លោកស្រី ដែលជានាយកប្រតិបត្តិ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលនៃ ស.ព.ក. – CTE ទាំងអស់ ដែលទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ចដោយស្មារតីបុរេសកម្ម សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់បំផុត។

សូមជម្រាបជូនថា ក្នុងឱកាសនោះ ក៏មានការប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង CTE ជាមួយបណ្តាគ្រឹះស្ថានធនាគារ និងក្រុមហ៊ុនដឹកជញ្ជូននានា ដែលជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ និងភស្តុភារកម្ម (Logistics) ជូនដល់ពាណិជ្ជករ និងអ្នកផលិត ផងដែរ៕

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner