មហាសន្និបាតធុរជនចិនទៀជីវពិភពលោកលើកទី១១ នឹងប្រារព្ធនៅកម្ពុជានាខែធ្នូ

ភ្នំពេញ៖ ឯកឧត្តម ហូត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើក​ទី១១ ដែលគ្រោងនឹងរៀបចំនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ នឹងក្លាយជាព្រឹត្តិការណ៍​ដ៏សំខាន់ មួយ ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ជាពិសេសលើវិស័យទេសចរណ៍ វិនិយោគ​ពាណិជ្ជ កម្ម និងទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំទូលាយ ប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោកលើកទី១១ នៅរាជ​ធានីភ្នំពេញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានបញ្ជាក់ថា កម្ពុជា​និងចិន​ជាមិត្តដែកថែប​ដែល​មានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរអង្វែងជាងមួយពាន់ឆ្នាំ។ តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការផ្លាស់ប្តូររវាង​ប្រជាជននិងប្រជាជន ប្រទេសទាំងពីរបានបន្តពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំ។

ឯកឧត្តមបានរំលេចថា មហាសន្និបាតធុរជនចិនទៀជីវពិភពលោក គឺជាបណ្តាញសហគ្រិន និងអ្នកជំនួញដ៏មានឥទ្ធិពលមួយនៅ​លើពិភពលោក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសជាច្រើន។ សម្រាប់កម្ពុជា សហគមន៍​​ចិនទៀជីវបានរស់នៅ និងចូលរួមអភិវឌ្ឍប្រទេសជាមួយប្រជាជនកម្ពុជាតាំងពីយូរលង់មកហើយ ដោយបានរួមចំណែក​យ៉ាង​សកម្មក្នុងការកសាង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ​សម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែន PRC ដោយមិនតម្រូវឱ្យស្នើសុំទិដ្ឋាការជាមុន និងមិនបង់កម្រៃអ្វីឡើយ គ្រាន់តែ​បំពេញបែបបទ E-arrival Card ប៉ុណ្ណោះ។ គោលនយោបាយនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ឯកឧត្តមបានបង្ហាញជំនឿថា វិធានការបើកចំហនេះនឹងជួយជំរុញការកើនឡើងនៃភ្ញៀវទេសចរ និងវិនិយោគិនចិនមកកម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេសក្នុងអំឡុងពេលដែលវិស័យទេសចរណ៍កម្ពុជាបានកំណត់ថាជា «រដូវកាលបៃតង»។

ស្ថិតិបង្ហាញថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៥៧ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិន​មានចំនួនជាង ១,២ លាននាក់ កើនឡើងជិត ៤២% និងឈរនៅលំដាប់ទី២ នៃទីផ្សារទេសចរអន្តរជាតិមកកម្ពុជា។

ដោយឡែក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,៥៤ លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៤០ម៉ឺននាក់ ឈរនៅលំដាប់ទី១។ ស្ថិតិទាំងនេះបង្ហាញថា ទីផ្សារទេសចរចិននៅតែមាន​តួនាទីសំខាន់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ក្រសួងទេសចរណ៍អះអាងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈ​ការពង្រឹងគុណភាពសេវាកម្ម ការសម្រួលបរិយាកាសធុរកិច្ច និងការលើកកម្ពស់បដិសណ្ឋារកិច្ច ដើម្បីធានាថាភ្ញៀវ និងវិនិយោគិន​ចិនទទួលបានបទពិសោធន៍ល្អបំផុតនៅកម្ពុជា៕


ដោយ៖ជាវ ចន្ធូ
រូបភាព៖ជឹម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner