សហគមន៍តំបន់ការពារធម្មជាតិចំនួន៥៣កំពុងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ
គិតរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានគាំទ្រ និងសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិ បានចំនួន ១៩៤ សហគមន៍ ដោយមានសមាជិកសរុបចំនួនជាង ៧ម៉ឺន ៣ពាន់គ្រួសារ ព្រមទាំងបានចូលរួមគ្រប់គ្រងព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ សរុបទំហំជាង ៣៣ម៉ឺនហិកតា។
ក្នុងចំណោមសហគមន៍ទាំងអស់ខាងលើនេះ មានសហគមន៍ចំនួន៥៣ បាន និងកំពុងផ្តល់សេវាកម្មជាសហគមន៍ទេសចរណ៍ធម្មជាតិ ដោយមានសមាជិកចូលរួមចំនួនជាង ២ម៉ឺនគ្រួសារ កំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ នៅក្នុងភូមិចំនួន១០៨ ក្នុងខេត្ត១៤ និងក្នុងតំបន់ការពារធម្មជាតិចំនួន២៣។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំបច្ចេកទេសសម្រាប់គ្រប់គ្រងគម្រោងអភិវឌ្ឍសហគមន៍ទេសចរណ៍ធម្មជាតិ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ទន្ទឹមនឹងការគាំទ្រផ្នែកច្បាប់ក្នុងការរៀបចំ និងគ្រប់គ្រងសហគមន៍ ក្រសួងបរិស្ថានបានដឹកនាំសហការជាមួយក្រសួង ស្ថានប័ន និងដៃគូពាក់ព័ន្ធ ក្នុងការជំរុញគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាមូលដ្ឋាននៅក្នុងទីតាំងរមណីយដ្ឋានសហគមន៍ ដូចជា៖ ចំណតយានយន្ត អាហាររដ្ឋាន បន្ទប់ទឹក ទឹកស្អាត កញ្ចុះលម្ហែ ផ្លូវធ្វើដំណើរក្នុងព្រៃ កន្លែងបោះតង់ និងផ្ទះស្នាក់ជាដើម។
ក្រសួងជួយរៀបចំជាផលិតផលទេសចរណ៍ធម្មជាតិ និងសេវាកម្មទេសចរណ៍ធម្មជាតិ រួមនឹងការពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ការបណ្តុះបណ្តាលលើបដិសណ្ឋារកិច្ច មគ្គុទេស អាហារ ភេសជ្ជៈ និងសេវាកម្មពាក់ព័ន្ធ រួមទាំងការគ្រប់គ្រងសំរាម ជាពិសេសសំណល់ប្លាស្ទិក។
បច្ចុប្បន្ន មានសហគមន៍ចំនួន៣៨ បាន និងកំពុងដំណើរការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដោយគិតពីខែមករាដល់ដំណាច់ខែឧសភាឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិចំនួនជាង ៣៤មឺននាក់ និងភ្ញៀវអន្តរជាតិជាង ៦ពាន់នាក់ ហើយបានទទួលចំណូលផ្ទាល់ពីការលក់សំបុត្រចូលទស្សនាមានចំនួន ជាង ៣០ម៉ឺនដុល្លារអាមេរិក ក្នុងមួយសហគមន៍ និបង្កើតការងារផ្ទាល់បានប្រមាណ ៤ ៤០០ នាក់។
លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា គោលការណ៍ណែនាំនេះពិតជាមានសារៈសំខាន់សម្រាប់ជួយដល់បងប្អូនសហគម ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅក្នុងការរៀចំសហគមន៍មូលដ្ឋាន និងតំបន់ទេសចរណ៍ធម្មជាតិឲ្យបានល្អប្រសើរ សម្រាបជាប្រយោជន៍ដល់សេដ្ឋកិច្ចមូលដ្ឋាន៕
ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា








