លែងកូនក្តាមសេះ៨៥ម៉ឺនក្បាលចូលសមុទ្រ ដើម្បីស្តារនិងបង្កើនធនធានក្តាមសម្រាប់សហគមន៍ឆ្នេរ
កូនក្តាមសេះចំនួន ៨៥ម៉ឺនក្បាល ដែលជាពូជក្តាមសមុទ្រដ៏មានតម្លៃសេដ្ឋកិច្ច ត្រូវបានលែងចូលសមុទ្រនៅតាមសហគមន៍នេសាទចំនួន ៥ នៅខេត្តកំពត កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។
ការលែងនេះធ្វើឡើងក្នុងក្របខ័ណ្ឌគម្រោងការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរប្រទេសកម្ពុជា ហៅកាត់ថា CamAdapt ដែលបង្កើតឡើងដើម្បីគាំទ្រដល់សហគមន៍តំបន់ឆ្នេរ និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងគាំទ្រការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលដែលតម្រូវការទីផ្សារកំពុងកើនឡើង។ ទន្ទឹមនឹងនេះ វាក៏ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។
លោកស្រី រេប៊េកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានលើកឡើងថា ក្តាមសេះគឺជាធនធានជលផលសមុទ្រដ៏មានតម្លៃរបស់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។ ក្តាមសេះញីមួយក្បាលអាចពងបានរហូតដល់ជាង ២លានពង ដែលបង្ហាញពីសារៈសំខាន់នៃការអភិរក្ស និងស្តារធនធានប្រភេទនេះសម្រាប់អនាគត។
លោកស្រីបានបន្តថា កម្មវិធីលែងកូនក្តាមសេះចំនួននេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការស្តារធនធានជលផលសមុទ្រនៅតំបន់ឆ្នេរ។ កាលពីដើមឆ្នាំ២០២៦ កូនក្តាមសេះចំនួន ៣៤ម៉ឺនក្បាល ត្រូវបានលែងនៅខេត្តកែប ហើយមុនពេលគម្រោងបញ្ចប់ នឹងមានការលែងកូនក្តាមសេះបន្ថែមចំនួន ៣លានក្បាលទៀត នៅក្នុងខេត្តគោលដៅទាំងបួន រួមមាន កែប កំពត កោះកុង និងព្រះសីហនុ។
សហគមន៍នេសាទ និងសហគមន៍តំបន់ការពារ មានតួនាទីយ៉ាងសំខាន់ក្នុងការការពារ និងគ្រប់គ្រងធនធានជលផលសមុទ្រឱ្យបានប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈគម្រោង CamAdapt មន្ត្រីរដ្ឋាភិបាល និងសមាជិកសហគមន៍ជាង ៤០០នាក់ បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការងារអភិរក្ស និងការគ្រប់គ្រងធនធានជលផលប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា កូនក្តាមសេះទាំង ៨៥ម៉ឺនក្បាលនេះ ត្រូវបានបង្កាត់ដោយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្ររបស់កម្ពុជា។ កូនក្តាមដែលញាស់ដោយការបង្កាត់ មានអត្រារស់រានមានជីវិតប្រហែល ១ភាគរយ ខណៈកូនក្តាមដែលញាស់តាមធម្មជាតិ អាចមានអត្រារស់ខ្ពស់រហូតដល់៦០ ទៅ៧០ភាគរយ៕
អត្ថបទ៖ ម៉ាដេប៉ូ
រូបភាព៖ លោក វេង លឹមហួត
